ត្រចៀកកាំ សំងំចាយជីវិតយ៉ាងសាមញ្ញ ក្រោយជាប់ឈ្មោះក្នុងបញ្ជីខ្មៅបាត់មុខពីសិល្បៈ ២ ឆ្នាំ
កាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាសម្ដែងស្រីរបស់ចិន Zhao Wei ត្រូវបានអាជ្ញាធរចិនដាក់ឈ្មោះក្នុងបញ្ជីខ្មៅ និង បានលុបចោលភាពយន្តទាំងអស់ដែលនាងបានដើរជាតួឯក។
បើទោះជាបាត់មុខសូន្យឈឹងពីវិស័យកម្សាន្តចិនក៏ដោយ ក៏ Zhao Wei មិនបានលុបចោលបណ្តាញសង្គមផ្សេងៗនោះដែរ គ្រាន់តែនាងមិនបានបង្ហោះព័ត៌មានថ្មីទាក់ទងនឹងជីវិតឯកជនផ្ទាល់ខ្លួន។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ HK01 បាននិយាយថា បើទោះជានាងត្រូវបានគេហាមឃាត់មិនឱ្យចូលសិល្បៈក៏ដោយ ប៉ុន្តែ Zhao Wei នៅតែមានជីវភាពធូរធារ ព្រោះមានជំនួញច្រើនក្នុងដៃ និង សល់ទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារអាមេរិក ថែមទាំងគ្រោងចង់បោះទុនផលិតភាពយន្តជំនួសឱ្យការវិលចូលមកចាប់អាជីពជាអ្នកសិល្បៈផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Zhao Wei ក៏នៅតែលេចមុខនៅតាមទីសាធារណៈ ដោយអ្នកគាំទ្ររបស់នាងធ្លាប់បានឃើញនាង នៅឯព្រលានយន្តហោះក្រុងប៉េកាំងយ៉ាងសាមញ្ញ និង រាក់ទាក់ទៅកាន់អ្នកគាំទ្រនាងយ៉ាងកក់ក្តៅ និង ស្និទ្ធស្នាលមិនមានភាពខ្មាសអៀនចំពោះរឿងអាស្រូវរបស់នាងកន្លងមកនោះទេ៕