មិនភ្លេចគុណឡើយ! មកដល់កម្ពុជាភ្លាម អ៊ុំ សុវណ្ណនី រត់ទៅជួបលោកតា ម៉ែន ជាឪពុកមិនចាំយូរ
ក្រោយពីបានចាកឆ្ងាយពីប្រទេសកំណើតអស់រយៈពេលជាង ២០ ឆ្នាំ មកហើយនោះ កាលពីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ អតីតតារាភាពយន្ត អ៊ុំ សុវណ្ណនី បានវិលត្រឡប់មកលេងប្រទេសកម្ពុជាហើយ។ ក្នុងនោះ បើតាមការឱ្យដឹងពីក្មួយបង្កើតរបស់អ្នកនាង គឺតារាសម្តែងលោក អ៊ុំ សុវណ្ណគីរី បញ្ជាក់ថា អ្នកនាង អ៊ុំ សុវណ្ណនី មកលេងកម្ពុជាជិត ១ ខែ ទើបត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
ក្រោយពីបានមកដល់ប្រទេសកម្ពុជាហើយនោះ ក៏មានមហាជនជាច្រើនកំពុងតែចាប់ក្រសែភ្នែកចង់ដឹងថា តើអ្នកនាង អ៊ុំ សុវណ្ណនី នឹងជួបនឹងឪពុកបង្កើត គឺអតីតតារាសម្តែងជើងចាស់ មិន សារិន ហៅ ម៉ែន ដែរឬទេ ក្រោយបែកគ្នាជាច្រើនឆ្នាំនោះ? លើសពីនោះ កន្លងមក លោកតា ម៉ែន ក៏ប្រកាសចង់ជួបអ្នកនាង អ៊ុំ សុវណ្ណនី ដូចគ្នាដែរ។
ស្របពេលស្ថិតនៅប្រទេសកំណើត ជួបជុំគ្រួសារយ៉ាងស្ងាប់ស្ងាត់ស្រាប់តែមានការលេចឭ និង វែកញែកថា អ្នកនាង អ៊ុំ សុវណ្ណនី មកដល់កម្ពុជាហើយ តែបែរជាមិនទៅជួបលោកតា ម៉ែន ដែលកំពុងមានជំងឺនោះទេ។
យ៉ាងណា ពាក្យចចាមអារ៉ាមខាងលើនៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ នេះ លោក អ៊ុំ សុវណ្ណគីរី បានប្រាប់មកកាន់សារព័ត៌មាន «ប្រជាប្រិយ» ថា៖ «ការពិត ម្តាយមីងរបស់លោក គឺអ្នកនាង អ៊ុំ សុវណ្ណនី បានជួបលោកតា ម៉ែន ជាឪពុករួចរាល់ហើយ ក្រោយមកដល់កម្ពុជាប៉ុន្មានថ្ងៃ។ លើសពីនោះ ឪពុកកូន តាម៉ែន និង អ្នកនាង អ៊ុំ សុវណ្ណនី បានញុំាអាហារជុំគ្នាទៀតផង»។
លោក អ៊ុំ សុវណ្ណគីរី បន្តថា៖ «ក្រោយញុំាអាហាររួច ម្តាយមីង របស់លោកក៏បានបើកឡានពីក្រោយតាមឪពុកជិះម៉ូតូ ទៅផ្ទះផងដែរ គ្រាន់តែអ្នកនាង អ៊ុំ សុវណ្ណនី មិនចង់បង្ហោះរូបភាព ព្រោះចង់ជួបជុំគ្រួសារយ៉ាងស្ងប់ស្ងាត់»៕