ក្ដៅគគុក! Aum ចុច Unfollow អ្នកចាត់ការផ្ទាល់ខ្លួនចោលលើកទី ២ ព្រោះធុញទ្រាន់រឿងមួយនេះខ្លាំង
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយពីទំនាក់ទំនងរវាងតារាស្រី Aum Patcharapa និង អ្នកគ្រប់គ្រង់ផ្ទាល់ខ្លួនរបស់នាង A Suppachai ថា អ្នកទាំងពីរមិនត្រឹមតែរួមការងារជាមួយគ្នារាប់ឆ្នាំមកហើយនោះទេ តែតាមរយៈរូបភាព និង ទង្វើកន្លងមកបង្ហាញថា មិត្តភាពមួយនេះលើសពីបងប្អូនទៅទៀត មានទាំងទុក្ខ និង សុខរួមគ្នា។
ដោយឡែក អ្វីដែលកាន់តែបង្ហាញឱ្យឃើញថា មិត្តភាពមួយនេះស្រស់ស្អាត និង រួមសុខរួមទុក្ខជាមួយគ្នានោះគឺ ក្រោយបានឃើញវត្តមាន A Suppachai នៅក្បែរ Aum Patcharap ស្ទើរមិនឃ្លាត នៅពេលដែលនាងត្រូវការកម្លាំងចិត្ត ពិសេស មួយរយៈចុងក្រោយដែល Aum Patcharap បែកបាក់ស្នេហា អ្នកគ្រប់គ្រងរបស់នាងរូបនេះតែងនៅពីក្រោយផ្ដល់កម្លាំងចិត្តរហូត។
ដោយឡែក ទន្ទឹមនឹងមិត្តភាពស្អិតល្មួត ទើបតែឃើញរីករាយជាមួយគ្នាប៉ុន្មានថ្ងៃមុនសោះ មហាជនបែរជាសង្ស័យថា អ្នកទាំងពីរទំនងជាមានបញ្ហានឹងគ្នាទៅវិញ បន្ទាប់ពីអ្នកគាំទ្រចាប់បានថា តារាស្រី Aum Patcharapa បាន Unfollow អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង ហើយកាលដែលស្រីស្រស់ Aum ធ្វើបែបនេះមិនមែនជាលើកដំបូងទេ ពោលគឺជាលើកទី ២ ហើយ។ ដោយឡែក ចំពោះរឿងរ៉ាវនេះ ហាក់កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រជ្រួលច្របល់ និង រង់ចាំអ្នកទាំងពីរចេញមុខបកស្រាយ ព្រោះថាកន្លងមកអ្នកទាំងពីរពុំដែលមានភាពល្អក់កករណាមួយឡើយ។
ក្នុងនោះ ងាកទៅមើលសាមីខ្លួនទាំងពីរគឺពុំទាន់ចេញមកបកស្រាយឡើយជុំវិញមូលហេតុ Unfollow នោះ តែក្រឡេកទៅមើលអ្នកគាំទ្ររបស់តារាស្រី Aum វិញ បានចេញមកទម្លាយថា ៖ «ហេតុផលដែលតារាស្រី Aum ចុច Unfollow អ្នកចាត់ការផ្ទាល់ខ្លួន លោក A Supachai ក៏ព្រោះតែទ្រាំពុំបានចំពោះលោក A Suppachai ដែលតែងបង្ហោះរូបភាពក្នុង IG ច្រើនពេកធ្វើឱ្យស្រីស្រស់រូបនេះធុញមិនចង់ឃើញទើបធ្វើបែបហ្នឹង! ការធ្វើបែបនេះគឺជាលើកទី ២ ហើយសម្រាប់លោក A Suppachai»។ យ៉ាងណាមិញ នេះគ្រាន់តែជាការទម្លាយពីអ្នកគាំទ្រ Aum ប៉ុណ្ណោះ សម្រាប់រឿងរ៉ាវពិតទៅជាយ៉ាងណាមានតែរង់ចាំការបកស្រាយពីសាមីខ្លួនទាំងពីរផ្ទាល់៕