សរសើរទឹកចិត្ត ង៉ែត សុភ័ក្ត្រា ស្ម័គ្រចិត្តចាយពេលស្ទើរទាំងស្រុងមើលថែ អេង វ៉ាណង កំពុងមានជំងឺមហារីក
ថ្មីៗនេះ មហាជន និង សិល្បករ សិល្បការិនីជាច្រើនមានក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំងឺរបស់តារាសម្តែងភាពយន្តអ្នកនាង អេង វ៉ាណង ដែលកំពុងតែព្យាបាលជំងឺមហារីកសុដន់ តំណាក់កាលទី ៣។
ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនមានភាពក្តុកក្តួល និង អាណិតអាសូរដល់អ្នកនាង អេង វ៉ាណង យ៉ាងខ្លាំង ស្របពេលស្ពាយឈ្មោះជាស្ត្រីមេម៉ាយចិញ្ចឹមបីបាច់កូន ៣ នាក់ និង មើលថែម្តាយចាស់ បែរជាមកជួបនូវជំងឺដ៏កាចសាហាវនេះ។
ក្នុងនោះ ក្រោយពីការអាណិតអាសូរ ផ្តល់កម្លាំងចិត្តហើយនោះ មហាជន និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន ក៏បានចូលរួមបរិច្ចាគថវិកាជូនដល់អ្នកនាង អេង វ៉ាណង ដើម្បីព្យាបាលជំងឺបន្ត និង ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។
ងាកទៅកាន់តារាសម្តែងអ្នកនាង ង៉ែត សុភ័ក្ត្រា ដែលជាមិត្តស្និទ្ធស្នាលរបស់ អ្នកនាង អេង វ៉ាណង ឯនោះវិញ ស្របពេលមិត្តភក្តិកំពុងមានជំងឺ ស្រាប់តែអ្នកនាង ង៉ែត សុភ័ក្ត្រា បានចំណាយពេលផ្ទាល់ខ្លួនស្ទើរទាំងស្រុង ក្នុងការនៅក្បែរមើលថែមិត្តភក្តិទាំងថ្ងៃ ទាំងយប់។ ទង្វើនេះ ក៏បានធ្វើឱ្យមហាជនកោតសរសើរនូវទឹកចិត្តក្នុងនាមជាមិត្តល្អរបស់អ្នកនាង ង៉ែត សុភ័ក្ត្រា ទៅកាន់អ្នកនាង អេង វ៉ាណង ផងដែរ៕