Nadech ទម្លាយខ្ទេច រឿងជ្រើសរើសប្រទេសអ៊ីតាលី ដើម្បីសុំ Yaya រៀបការ
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ គូស្នេហ៍តារាសម្ដែងប្រុសស្រីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiya និង Yaya Urassaya បានធ្វើឱ្យមហាជនក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង ក្រោយឃើញទិដ្ឋភាពអ្នកកំលោះ Nadech លុតជង្គង់សុំតារាសម្ដែងស្រី Yaya រៀបការនៅប្រទេសអ៊ីតាលី។
យ៉ាងណាមិញ បន្ទាប់ពីឆ្លងខ្សែបន្ទាត់ពីសង្សារក្លាយជាគូដណ្តឹងហើយ ចំណងស្នេហ៍របស់អ្នកទាំងពីរក៏រឹតតែរឹងមាំលើសដើម ដោយរង់ចាំតែថ្ងៃចូលរោងការរស់នៅសាងគ្រួសារជាមួយគ្នាតែប៉ុណ្ណោះ។
ដោយឡែក បន្ទាប់ពីបានបំពេញបំណងប្រាថ្នាដ៏ធំសុំមិត្តស្រីរៀបការរួចហើយ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ តារាប្រុស Nadech ក៏បានចេញមុខទម្លាយអារម្មណ៍ផ្ទាល់ខ្លួន និង ថែមទាំងទម្លាយពីមូលហេតុដែលលោកជ្រើសរើសយកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ ប្រទេសអ៊ីតាលីជាថ្ងៃ និង ទីកន្លែងដែលសុំមិត្តស្រីរៀបការប្រាប់ដល់អ្នកគាំទ្រឥតលាក់លៀមថែមទៀតផង។
ក្នុងនោះ Nadech បានបញ្ជាក់ថា មូលហេតុដែលលោកជ្រើសរើសថ្ងៃនោះដោយសារតែ លោកគិតថាវាជាពេលវេលាដ៏សមស្របមួយដែលលោកអាចលម្ហែកាយ បានដើរកម្សាន្តច្រើន ហើយអ៊ីតាលីជាប្រទេសមួយដែលលោកគិតថា វារ៉ូមែនទិកខ្លាំងស័ក្តិសមសម្រាប់លោកបង្ហាញក្តីស្រឡាញ់ និង ភាពច្បាស់លាស់ទៅកាន់នារីក្នុងចិត្តរបស់លោកហើយ ព្រោះលោកចង់ឱ្យមិត្តស្រីរបស់លោករំភើបជាមួយបរិយាកាសដែលល្អបរិសុទ្ធបែបនេះ៕