ឈឺចាប់ខ្លាំង ស្រីស្រស់ Green សុំពេល ១ ខែនៅកូរ៉េ ដើម្បីធ្វើចិត្ត ក្រោយបែកសង្សារ
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្រីស្រស់ Green Ausadaporn បានចេញមកទម្លាយច្បាស់ៗថា ពេលនេះទំនាក់ទំនងនាងជាមួយនឹងតារាសម្ដែងប្រុស Thanwa Suriyajak បានដល់ផ្លូវបញ្ចប់ហើយ ដោយអ្នកទាំងពីរសល់ឈ្មោះត្រឹមមិត្តភក្តិប៉ុណ្ណោះ។
ក្នុងនោះ ងាកទៅមើលអ្នកគាំទ្រវិញ បន្ទាប់ឃើញគូស្នេហ៍ដែលល្អូកល្អិនស្រឡាញ់គ្នាមក ៨ ឆ្នាំ បែរជាចែកផ្លូវគ្នាដូចនេះ ម្នាក់ៗពិតមានការសោកស្តាយណាស់។ លើសពីនោះ គេក៏ឃើញមានមហាជនបានចូលទៅបញ្ចេញមតិលើកទឹកចិត្តដល់តារាស្រី Green ព្រោងព្រាតផងដែរ។
សម្រាប់តារាស្រី Green ខណៈដែលចែកផ្លូវនឹងសង្សារគេឃើញថាស្រីស្រស់រូបនេះហាក់ជាគ្រាំគ្រាចិត្តខ្លាំង ព្រោះថាតារាបប្រុស Thanwa បានសុំនាងដើរចេញមុន ដោយសុំប្តូរឈ្មោះមកត្រឹមមិត្តវិញ ទាំងដែលនាងនៅមានចិត្តស្រឡាញ់។ យ៉ាងណាមិញ សម្រាប់ស្រីស្រស់ Green ខណៈដែលសង្សារសុំបែបនោះនាងក៏មិនបដិសេធដែរ ហើយនាងក៏ព្រមបញ្ចប់ទំនាក់ទំនងនោះដោយរលូន ហើយប្តូរឈ្មោះពីសង្សារមកត្រឹមមិត្តធម្មតា។
ខណៈដែលឈឺចាប់រឿងស្នេហាខ្លាំងពេក ស្រីស្រស់ Green បានទៅស្នាក់នៅប្រទេសកូរ៉េអស់រយៈពេល ១ ខែដើម្បីលម្ហែកាយ និង ធ្វើចិត្ត។ ក្នុងការស្នាក់នៅរយៈពេល ១ខែ នោះ Green បានទម្លាយឱ្យដឹងថា ៖ «នាងបានទៅតំបន់ទេសចរណ៍ជាច្រើនកន្លែង ពិតជាសប្បាយរីករាយជាខ្លាំង។ សម្រាប់ការរស់នៅនោះ នាងធ្វើអ្វីៗដោយខ្លួនឯងទាំងអស់រួមមានបោកខោអាវ ជូតផ្ទះ ធ្វើម្ហូបជាដើម។ នាងមានអារម្មណ៍ថាខណៈនេះនាងអាចធ្វើអ្វីក៏បានជាមួយនឹងជីវិតឯករាជ្យរបស់នាង អ្វីដែលសំខាន់នាងទទួលបានបទពិសោធថ្មីៗជាច្រើន រីឯរឿងស្នេហាលែងខ្វាយខ្វល់ហើយ»៕