ជោគជ័យទាំងសិល្បៈ និង ជំនួញ វី ឌីណែត ចាយលុយញើសឈាមរាប់ម៉ឺនដុល្លារ ទិញឡានថ្មីសន្លាងមួយគ្រឿង
តារាចម្រៀង វី ឌីណែត បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈម្នាក់ដែលមានជីវិតជោគជ័យមិនធម្មតាដែរ ទាំងវិស័យសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួន ព្រោះពេលនេះឃើញថានាងរស់នៅយ៉ាងមានក្ដីសុខសោយសុខជាមួយក្រុមគ្រួសារ ដែលមានឡានមានផ្ទះធំទ្រនំខ្ពស់ផងដែរ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយជីវិតឯកជនរបស់នាង និង ហាក់ភ្ញាក់ផ្អើលខ្លាំង ខណៈស្ងាត់ៗបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់នាង បង្ហាញរូបភាពស្វាគមន៍សមាជិកថ្មី ដែលតារាចម្រៀងស្រីរូបនេះ ទើបចាយជីវិតហាយសូរទិញឡានស៊េរីទំនើបមួយគ្រឿងយ៉ាងថ្មីសន្លាងម៉ាក MG RX5 Reborn 2023 ពណ៌ខ្មៅរលើបរលោង ដែលមានតម្លៃប្រហែលជិតខ្ទង់ ៣ ម៉ឺនដុល្លារ។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់ វី ឌីណែត ក៏បានធ្វើការអបអរសាទរចំពោះភាពជោគជ័យ និង ការទទួលបានសមាជិកថ្មីនេះ ព្រមទាំងធ្វើការជូនពរឱ្យនាងកាន់តែរកស៊ីមានបាន កាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួនផងដែរ៕