ចាន់ ស្រីខួច ច្រៀងពីរោះ សម្រស់ស្អាត តាមពិតកាត់ទៅរកបងស្រីបង្កើតទាំង ២ ជាតារាចម្រៀងដូចគ្នា
ជឿជាក់ថាមហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធសឹងតែបានស្គាល់ពី កុមារី ចាន់ ស្រីខួច ដែលជាអតីតបេក្ខភាពដ៏ឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ទោះបីមិនទទួលបានជោគជ័យក្នុងការប្រឡងនេះមែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជន។
ម៉្យាងវិញទៀត ក្រោយពីបញ្ចប់ការប្រឡងចម្រៀងខាងលើ ឃើញថាប៉ុន្មានឆ្នាំកន្លងមក ចាន់ ស្រីខួច ក៏មានទីផ្សារសិល្បៈខ្លាំងផងដែរ ដោយឃើញនាងតែងលេចមុខលើឆាកប្រគំតន្រ្តី និង ការងារសិល្បៈផ្សេងៗជាបន្តបន្ទាប់។ ជាពិសេសមកដល់ពេលនេះ ឈានចូលវ័យ ១៨ ឆ្នាំ ចាន់ ស្រីខួច តែងត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងការប្រែប្រួលរូបរាងរបស់នាង ដែលតារាស្រីវ័យក្មេងរូបនេះកាន់តែធំពេញរូបពេញរាងមានរូបសម្រស់កាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រឡេកទៅកាន់ក្រុមគ្រួសារឯនោះវិញ កញ្ញា ចាន់ ស្រីខួច មិនមែនស្ថិតនៅក្នុងសិល្បៈតែម្នាក់ឯងទេ ពោលគឺកញ្ញា បានចាប់យកអាជីពជាតារាចម្រៀងតាមបងស្រីបង្កើតរបស់នាងទាំង ២ នាក់ រួមមានតារាចម្រៀង និង តារាសម្តែង ចាន់ ស្រីនាថ ជាបងស្រីច្បង និង តារាចម្រៀង ចាន់ ណាណា ជាបងស្រីទី ២។
ក្នុងនោះ មហាជនក៏បានលើកសរសើរថា កញ្ញា ចាន់ ស្រីខួច មានសមត្ថភាពសិល្បៈ និង សម្រស់ស្រស់ស្អាតកាត់ទៅតាមបងស្រីទាំង ២ សោះ៕