កក្រើកនៅចិន! ធ្លាយចចាមអារ៉ាមថាប្រុសស្អាត Cai Xukun លួចមានស្នេហាក្តៅគគុកនឹងនារីម្នាក់ ហើយបង្ខំឱ្យនាងរំលូតកូនចោល
Cai Xukun ដែលមហាជនស្គាល់ច្បាស់ថាជាតារាប្រុសចិនមួយរូបដែលមានសមត្ថភាព ព្រមទាំងទេពកោសល្យខាងសិល្បៈខ្ពស់គួរឱ្យចាប់អារម្មណ៍ ទាំងផ្នែកខាងចម្រៀង ខាងរ៉េប ខាងរាំ និង ការតាក់តែងនិពន្ធទំនុកច្រៀង ជាដើម។
ដោយឡែក ថ្មីៗនេះក្រុម Paparazzi ជាអ្នកដែលពូកែឆ្មក់លួចថតសកម្មភាពរបស់បុគ្គលល្បីៗ បានទម្លាយព័ត៌មានរឿងអាស្រូវពីតារាប្រុសរូបនេះ ចូលទៅក្នុងប្រព័ន្ធអ៊ីនធើណេត Weibo ថា ៖ «Xukun បានបង្ខំឱ្យនារីម្នាក់រំលូតកូននៅក្នុងផ្ទៃ»។
ជាមួយគ្នានោះ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ មកម្ល៉េះ Cai Xukun មានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ដែលមិនបានបញ្ចេញឈ្មោះ ប៉ុន្តែគេប្រើជាអក្សរ «C» ជំនួសដើម្បីសម្គាល់ជាឈ្មោះរបស់នាង។
ក្រោយមក នារី «C» ក៏ទម្លាយថា Xukun បានសុំឱ្យនាងរំលូតកូនក្នុងផ្ទៃចោល ក្រោយគេបានដឹងថានាងមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ក្រុម Paparazzi ក៏បានទម្លាយឱ្យដឹងទៀតថា ម្ដាយរបស់ Xukun បានហៅនារីរូបនោះមកនិយាយ ព្រមទាំងដាក់កាមេរ៉ានៅមាត់ផ្លូវចូលផ្ទះរបស់នាងដើម្បីតាមដានសកម្មភាពរបស់នាង ក្នុងន័យការពារខ្លាចបែកធ្លាយរឿងអាស្រូវរបស់កូនប្រុសរបស់ខ្លួនសដោយប្រការណាមួយ។
ទោះជាយ៉ាងនេះក្ដី រឿងអាស្រូវរបស់តារាប្រុសរូបសង្ហា Cai Xukun មួយនេះគ្រាន់តែចេញពីភាគីខាង Paparazzi តែប៉ុណ្ណោះ ចំពោះការពិតទៅជាយ៉ាងណាមានតែរង់ចាំការបកស្រាយបំភ្លឺពីភាគីខាង Xukun ព្រមទាំងអ្នកដែលជាប់ពាក់ព័ន្ធបន្តទៀត៕