(វីដេអូ) មុនបាន ៤ កៅអីពីគណៈកម្មការ បេក្ខជន នូ សុវណ្ណដាណេ ធ្លាប់ចូលប្រកួត និង បរាជ័យក្នុងកម្មវិធីល្បីមួយនេះ
កាលពីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Blind Auditions សប្តាហ៍ទី ៤ បេក្ខជនមួយរូបឈ្មោះ នូ សុវណ្ណដាណេ ដែលលើកយកបទ «បងពីមុនឆ្កួតបាត់ហើយ» ជាសំនៀងដើមរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ មកបកស្រាយ ធ្វើបានល្អរហូតទទួលបានការចុចប៊ូតុងដល់ទៅ ៤ ពី Coach។ ក្នុងនោះ បេក្ខជន នូ សុវណ្ណដាណេ ក៏បានជ្រើសរើសលោក ណុប បាយ៉ារិទ្ធ ជា Coach ផងដែរ។
រំឭកពីប្រវត្តិខ្លះៗរបស់បេក្ខជនខាងលើនេះវិញ គឺមិនមែនជាលើកទី ១ នោះទេ ដែលលោកបានចូលរួមប្រកួតចម្រៀង ពោលគឺការប្រកួតនេះជាលើកទី ២ ហើយ ដោយកន្លងមក នូ សុវណ្ណដាណេ ធ្លាប់ប្រកួតកម្មវិធី X-Factor កាលពីឆ្នាំ ២០១៩ តែមិនបានឈានដល់វគ្គផ្តាត់ព្រ័ត្រនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីភាពបរាជ័យក្នុងកម្មវិធី X-Factor លោក នូ សុវណ្ណដាណេ បានចងចាំពាក្យរបស់លោក ណុប បាយ៉ារិទ្ធ និង អ្នកនាង ឱក សុគន្ធកញ្ញា ថា «ថ្ងៃណាមួយ នឹងឃើញវត្តមានរបស់ ដាណេ នៅក្នុងកម្មវិធីនេះ»។ ដូចនេះហើយ លោកបានតស៊ូប្រឹងប្រែងយកចំណុចខ្វះខាតយកទៅដុសខាត់ ហ្វឹកហាត់បន្ថែម ដើម្បីឡើងមកប្រកួតកម្មវិធី The Voice Cambodia រដូវកាលទី ៣។
គួរបន្ថែមថា នូ សុវណ្ណដាណេ ចាប់ផ្តើមចូលប្រឡូសិល្បៈតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយកាលនោះលោកមានឈ្មោះ វ៉ាន ដាណេ។ ក្រោយមក ដោយក្តីស្រឡាញ់លើវិស័យចម្រៀង លោកបានហ្វឹកហាត់ពីអ្នកចម្រៀងតាមក្រុមតន្ត្រី ចូលប្រកួតកម្មវិធីជាបន្តបន្ទាប់រហូតទទួលបានជោគជ័យដូចពេលនេះ៕