ស្ងាត់ៗ! កំពូលតារាភាពយន្ដជើងចាស់ លោកស្រី អ៊ុំ សុវណ្ណនី មកលេងកម្ពុជា សម្រស់នៅតែខ្ញង់ស្អាតណាស់
បើនិយាយពីខ្សែភាពយន្តឯកសាររឿង « នរក ៩ ជាន់ » ដែលមានការដឹកនាំថតដោយ មុចា មីឡែន កាលពីឆ្នាំ ១៩៨៥ មកនោះ ប្រជាជនកម្ពុជាក្មេងចាស់ប្រុសស្រីជាច្រើន ប្រាកដជាបានស្គាល់មកហើយ នូវតួឯកស្រី ដែលសម្តែងដោយលោកស្រី អ៊ុំ សុវណ្ណនី ។
ក្នុងនោះដែរ មហាជនអ្នកគាំទ្រក៏បានដឹងហើយថា លោកស្រី អ៊ុំ សុវណ្ណនី ដែលជាកំពូលតារាភាពយន្តខ្មែរក្នុងទសវត្សរ៍ទី៨០ និងទសវត្សរ៍ទី៩០ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯទឹកដីសហរដ្ឋអាមេរិច ប្រមាណជាជាង ២០ ឆ្នាំ មកហើយ ។
ថ្មីៗនេះ បើតាមការបង្ហោះរូបភាពរបស់តារាសម្តែងលោក អ៊ុំ សុវណ្ណគីរី ក្មួយប្រុសរបស់អតីតតារាភាពយន្តខាងលើ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែពេលនេះ អ្នកនាង អ៊ុំ សុវណ្ណនី កំពុងតែស្ថិតនៅឯប្រទេសកម្ពុជា។
បើតាមការឱ្យដឹងពីក្មួយប្រុសរបស់អតីតតារាភាពយន្តខាងលើ គឺលោក អ៊ុំ សុវណ្ណគីរី បានប្រាប់មកកាន់សារព័ត៌មាន «ប្រជាប្រិយ» ថា៖ «អ្នកនាង អ៊ុំ សុវណ្ណនី បានមកដល់ប្រទេសកម្ពុជា តាំងពីយប់ថ្ងៃទី ២៣ ខែមិថុនា ហើយអ្នកមីងរបស់លោក មកលេងប្រទេសកំណើតរយៈពេលជិត ១ ខែ ផងដែរ»៕