តស់ស្រូតៗដាក់ពាក្យ! ទិន ហ្វី ប្រកាសរើសស្រីស្អាតមកសម្ដែងរឿងថ្មី ប្រទេសណាក៏ដាក់ពាក្យបានដែរ
ថ្មីៗនេះ ស្ដេចកំប្លែងហុងកុង និង ជាអ្នកដឹកនាំរឿងដ៏ល្បី Stephen Chow ដែលកម្ពុជាយើងស្គាល់ច្បាស់ថា ទិន ហ្វី នោះ បានធ្វើឱ្យមហាជន អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលលោក ទម្លាយពីគម្រោងផលិតខ្សែភាពយន្តថ្មី។
គម្រោងខ្សែភាពយន្តថ្មីនោះដែរ ត្រូវបានអ្នកដឹកនាំរឿងដ៏ល្បីរូបនេះ បង្ហោះលើគណនី IG ផ្ទាល់ខ្លួនរបស់លោក ដោយទម្លាយចំណងជើងរឿងថ្មីនោះថា «Shaolin Women’s Soccer»។ ដោយឡែក អ្វីដែលអ្នកគាំទ្រ កាន់តែរំភើបរីករាយជាងនេះទៀតនោះ គឺនៅពេលដែល លោកទម្លាយបន្ថែមថា កំពុងជ្រើសរើសតួស្រីស្អាតៗមកចូលរួមសម្ដែងក្នុងរឿងថ្មីរបស់លោក ហើយអ្នកដែលចាប់អារម្មណ៍គឺអាចដាក់ពាក្យបាន ដោយមិនប្រកាន់ប្រទេសនោះឡើយ។
តាមការបង្ហោះ លោក Stephen Chow បានរៀបរាប់ថា៖ «នេះគឺជាបំណងក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំចង់ចំណាយពេលវេលាជាមួយស្រីស្អាតៗជាច្រើន (ក្មេង ស្អាត ឆ្លាត ស្វាហាប់)។ ស្វាគមន៍ពីគ្រប់ប្រទេសទាំងអស់។ កាន់តែច្រើន កាន់តែសប្បាយ»។ លោកបានបន្ថែមដែរថា៖ «សម្រាប់អ្នកដែលគិតថាខ្លួនឯងស័ក្ដិសម អាចផ្ញើជារូបថតបច្ចុប្បន្ន និង ព័ត៌មានលម្អិតទៅកាន់អ៊ីម៉ែលក្រុមហ៊ុនរបស់លោកបាន»៕
ប្រភព៖ 8days