ទេព រិន្ទដារ៉ូ និង សិល្បករជាច្រើនស្រុះដៃជួយទាំងថវិកា និង កម្លាំងចិត្ត ក្រោយដឹង អេង វ៉ាណង មានជំងឺមហារីក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បការិនីជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាសម្តែងភាពយន្ត អ្នកនាង អេង វ៉ាណង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីស្ថានភាពជំងឺរបស់អ្នកនាងនៅក្នុងមន្ទីរពេទ្យ ដោយបានគេងសម្រាកលើគ្រែ និង កោរសក់អស់ពីក្បាល ព្រមទាំងបានឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមថា អ្នកនាងមានជំងឺមហារីក រហូតកោរសក់អស់ពីក្បាល។
អ្វីដែលកាន់តែធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់អ្នកនាង អេង វ៉ាណង នោះ ព្រោះកន្លងមកតារាស្រីរូបនេះហាក់មិនដែលបង្ហាញពីស្ថានភាពជំងឺរបស់ខ្លួនទេ ពោលគឺអ្នកនាងប្រឹងប្រែងធ្វើការ រកស៊ីដើម្បីរកប្រាក់ចំណូលព្យាបាលជំងឺខ្លួនឯងយ៉ាងស្ងប់ស្ងាត់។ លើសពីនោះ នាងប្រឹងប្រែងទាំងកម្លាំងកាយចិត្តព្យាបាលជំងឺ ដើម្បីបានរស់នៅជួបជុំមើលថែកូនប្រុសស្រីទាំង ៣ របស់ នាងទៀតផង។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំខាងលើនេះហើយ មហាជន និង មិត្តសិល្បករជាច្រើនបានបញ្ចេញអារម្មណ៍ក្តុកក្តួល ព្រមទាំងជូនពរ ផ្តល់កម្លាំងចិត្តដល់ អេង វ៉ាណង ដើម្បីបន្តដំណើរក្នុងការមើលថែ ព្យាបាលជំងឺកាចសាហាវនេះ។ លើសពីនោះ ក្រឡេកទៅមើលតារាភាពយន្តរៀមច្បង ទេព រិន្ទដារ៉ូ និង តារាចម្រៀង លោក យ៉ែម សំអូន ក៏បានជួយជាថវិកាដល់អ្នកនាងក្នុងការព្យាបាលជំងឺទៀតផង៕