(វីដេអូ) ប៊ឺត សំរេច មានបំណង ១ គត់ ពីការទម្លាយអាថ៌កំបាំងជាកូនអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីអតីតកីឡាករប្រដាល់ ប៊ឺត សំរេច បានបង្ហាញវត្តមានក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» និង បានទម្លាយថាខ្លួនជាកូនប្រុសបង្កើតរបស់អតីតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។
តាមរយៈកិច្ចសម្ភាសនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដែលមាន លោក អ៊ុក សារ៉េត និង អ្នកនាង ឆោម ឆពុំ ជាអ្នកសម្របសម្រួលកម្មវិធី អតីតកីឡាករ ប៊ឺត សំរេច បានលើកឡើងថា លោកគឺជាកូនឥតខាន់ស្លារបស់អតីតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលម្តាយរបស់លោកជាអ្នករបាំព្រះរាជទ្រព្យសម័យមុន និង ជាគ្រូពេទ្យម្នាក់នៅខេត្តកំពង់ឆ្នាំង។
ក្នុងនោះតាមរយៈការទម្លាយប្រវត្តិជាច្រើនរបស់លោក ប៊ឺត សំរេច ពាក់ព័ន្ធនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានធ្វើឱ្យមហាជន និង អ្នកសិល្បៈជាច្រើនមានក្តីភ្ញាក់ផ្អើល ព្រមទាំងមានការវែកញែកនូវមតិផ្សេងគ្នាទៀតផង។ ជាងនេះទៅទៀត ការបញ្ចេញមតិរបស់មហាជននោះ ក៏មានអ្នកលើកឡើងថា លោក ប៊ឺត សំរេច មានមុខមាត់ស្រដៀង និង សំឡេងពីរោះរណ្តំដូចទៅនឹងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។
ក្នុងនោះ ស្របពេលមានការលើកឡើងសរសើរខាងលើនោះហើយ ក៏មានការបញ្ចេញមតិមិនល្អជាច្រើនដូចគ្នាដែរ ដោយខ្លះបានលើកឡើងថា លោកបំពុលសង្គម និយាយប្រឌិត និង ទាមទារឱ្យលោកទៅពិនិត្យ DNA ទៀតផង។
ក្រោយមានការបញ្ចេញមតិនោះហើយ ថ្មីៗនេះ លោក ប៊ឺត សំរេច ក៏បានចេញមកបង្ហោះវីដេអូ និង ធ្វើការបកស្រាយមូលហេតុ ដែលលោកទើបតែទម្លាយថាខ្លួនជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មួយរូបដែរនោះ ក៏ព្រោះតែម្តាយចិញ្ចឹមមានវ័យចំណាស់ ប្រាប់ឱ្យលោកបើកបង្ហាញទៅ។ លើសពីនោះ លោក ប៊ឺត សំរេច បញ្ជាក់ថា លោកបង្ហាញនេះ មិនចង់បានអ្វី មិនចង់តោងកាលីបពីឪពុកនោះទេ។
លោក ប៊ឺត សំរេច ក៏បានបន្ថែមថា លោកហ៊ានទៅពិនិត្យ DNA ដោយមិនខ្លាចរអានោះឡើយ ក៏ព្រោះលោកគឺជាឈាមរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មែន៕
សូមទស្សនាវីដេអូខាងក្រោម៖