មុននេះ! ប្រទះឃើញ វណ្ណដា នៅព្រលានយន្តហោះ កំពុងត្រៀមហោះហើរទៅក្រៅប្រទេស
រឿងរ៉ាវដ៏ក្ដៅគគុកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញការប៉ះសម្ដីគ្នាយ៉ាងតឹងសរសៃ-ក រវាងបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា Hara Yuth ជាមួយនឹងកំពូលតារាចម្រៀងរ៉េប វណ្ណដា នៅក្នុងហាងបបរសខកង្កែបមួយកន្លែង នៅតែធ្វើឱ្យមហាជនផ្ទុះការវែកញែកនៅឡើយ។ បើទោះបីជាភាគីខាងលោក Hara Yuth បានចេញមុខបកស្រាយពីមូលហេតុ ព្រមទាំងដំណើរដើមទងដែលធ្វើឱ្យកើតឡើងនូវបញ្ហាទាំងនោះរួចទៅហើយក្ដី។
ជាមួយគ្នានោះ លោក វណ្ណដា នៅតែបន្តរក្សាភាពស្ងៀមស្ងាត់នៅក្នុងបណ្ដាញសង្គម ដោយឡែកស្រាប់តែនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Phan Bunnary» បានជួបលោក វណ្ណដា ផ្ទាល់ដោយចៃដន្យនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង បានថតរូបជាមួយលោក ព្រមទាំងបង្ហោះរូបភាពភ្ជាប់ជាមួយនឹង Caption ថា ៖ «Safe flight Idol Vann Da – វណ្ណដា»។
ជុំវិញការបង្ហោះថ្មីពីគណនីខាងលើនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនបានលើកឡើងថា ទោះបីជាកំពុងមានរឿងវែកញែកយ៉ាងក្ដៅគគុកក្ដី ប៉ុន្តែលោកក៏មិនភ្លេចពីការងារនោះដែរ ដោយលោកកំពុងតែធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការងារបន្តបន្ទាប់របស់ខ្លួន៕