ម្ដាយ Pimprapa ប្ដូរឥរិយាបថ ១៨០ ដឺក្រេ ពីការប្រើសម្ដីធ្ងន់ៗ ឥលូវបែរសុំទោសកូនស្រីវិញ
បន្ទាប់ពីផ្ទុះរឿងដ៏ក្តៅគគុកជាមួយម្តាយបង្កើតធ្វើឱ្យអ្នកគាំទ្រ និង មិត្តៗសិល្បៈជ្រួលច្របល់បារម្ភខ្លាំងហើយនោះ ឃើញថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី Pimprapa បានចេញមុខបកស្រាយការពិតទាំងទឹកភ្នែកហើយថា គ្រួសាររបស់នាងពិតជាកំពុងតែមានបញ្ហានឹងគ្នាពិតមែន ហើយក៏កំពុងតែដោះស្រាយ និង រកច្រកចេញផងដែរ។
ពិសេស ចំពោះរឿងនេះនាងគិតថា វាជាការយល់ច្រឡំ ព្រោះកន្លងមក នាង និង ប្អូនស្រីទាំង ២ ទៀត បានបំពេញតួនាទីជាកូនបានយ៉ាងល្អហើយ បើទោះបីជាមួយរយៈចុងក្រោយនេះ នាង និង ម្តាយមិនបាននិយាយគ្នា និង រស់នៅជាមួយគ្នាយ៉ាងកក់ក្តៅដូចមុនក៏ដោយ ព្រោះម្តាយនាងបានចេញទៅរស់នៅម្នាក់ឯង។
ដោយឡែក សម្រាប់ផ្លូវចិត្តរបស់នាងពេលនេះវិញពិតជាពិបាក និង ស្រ្តេសខ្លាំងដែរ ក្រោយជួបរឿងបែបនេះមកលើគ្រួសារនាង។ យ៉ាងណាមិញ បន្ទាប់ពីតារាស្រី Pimprapa បានចេញមុខបកស្រាយគ្រប់យ៉ាងហើយ ពេលនេះម្តាយរបស់នាងបានផ្តល់បទសម្ភាសទៅដល់អ្នកសារព័ត៌មានក្នុងស្រុករបស់ថៃមួយហើយ។
ក្នុងនោះ លោកស្រីបានទម្លាយអារម្មណ៍ទាំងអស់ថា លោកស្រីពិតជាសូមទោសកូនៗទាំងអស់គ្នាពិតមែន ដោយសារតែការយល់ច្រឡំ និង អារម្មណ៍ខឹងមួយឆាវ ធ្វើឱ្យលោកស្រីធ្វើអ្វីមិនបានគិត។
លើសពីនេះទៅទៀត លោកស្រីក៏បានបន្ថែមទៀតថា អគុណអ្នកគាំទ្រដែលបារម្ភគ្រួសារលោកស្រី និង កូនៗ លោកស្រីពិតជាសូមទោស និង សន្យាថានឹងកែប្រែរាល់កំហុសដែលលោកស្រីបានធ្វើ និង ត្រឡប់មកធ្វើជាម្តាយដ៏ល្អសម្រាប់កូនៗវិញ លោកស្រីពិតជាដឹងកំហុសពិតមែន និង មិនធ្វើឱ្យមានរឿងបែបនេះកើតមានឡើងទៀតឡើយ៕