Park Seojoon ហាក់មានចេតនាបិទបាំង រឿងពាក្យចចាមអារ៉ាមស្នេហាជាមួយនារី Youtuber
ជារឿងដ៏ក្ដៅគគុកជុំវិញវិស័យ K-Drama ដោយកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនបានចេញផ្សាយថា កំពូលតារាសម្តែង Park Seo Joon និង ស្រីស្អាត xooos ជា YouTuber ដ៏ល្បីមួយរូបកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា បន្ទាប់ពីចាប់បានភស្តុតាងមួយចំនួន។
ជាក់ស្ដែង បន្ទាប់ពីរឿងចចាមអារ៉ាមមួយនេះបានរីកសាយភាយពេញអ៊ីនធឺណេតហើយ ភ្លាមៗនោះខាងផលិតកម្មដែលគ្រប់គ្រងតារាសម្ដែង Park Seojoon បានចេញមុខបកស្រាយជុំវិញបញ្ហានេះថា ៖ «វាពិតជាពិបាកក្នុងការបញ្ជាក់ព័ត៌មានអំពីជីវិតផ្ទាល់ខ្លួនរបស់តារាសម្តែង» បន្ទាប់មកក៏សុំទោស ដែលមិនអាចបញ្ជាក់ការពិតទាំងស្រុងបាន។
យ៉ាងណាមិញ ក្នុងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ នេះ សាមីខ្លួនផ្ទាល់ ពោលគឺលោក Park Seojoon បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានសម្រាប់ខ្សែភាពយន្តរឿង «Concrete Utopia» ព្រមទាំងបានថ្លែងប្រាប់សារព័ត៌មានជុំវិញរឿងរ៉ាវចចាមអារ៉ាមស្នេហារបស់លោកជាមួយនឹង xooos ថា ៖ «ដោយសារតែពេលនេះខ្ញុំកំពុងមមាញឹកជាមួយនឹងការថតរឿងថ្មី ដូច្នេះខ្ញុំបានទទួលដំណឹងអំពីរឿងមួយនេះយឺតបន្តិច»។
ប្រុសសង្ហា Seojoon បានបន្តទៀតថា ៖ «ខ្ញុំរំភើបចំពោះការទទួលបានការចាប់អារម្មណ៍យ៉ាងគគ្រឹកគគ្រេងពីសំណាក់មហាជនអ្នកគាំទ្រជាច្រើនចំពោះរឿងមួយនេះ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនទម្លាប់ក្នុងការបង្ហាញជីវិតឯកជនរបស់ខ្ញុំបែបនេះនោះទេ។ សម្រាប់ខ្ញុំ ខ្ញុំខ្លាចអាចនឹងពិបាកក្នុងការបញ្ចេញមតិលើបញ្ហានេះ ដែលពាក់ព័ន្ធទៅនឹងជីវិតឯកជនរបស់ខ្ញុំ។ ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នា បង្វែរការយកចិត្តទុកដាក់ទាំងនោះទៅកាន់រឿង «Concrete Utopia» ដែលជាខ្សែភាពយន្តថ្មីរបស់ខ្ញុំ»៕