(វីដេអូ) លោក បឺត សំរេច ទម្លាយបណ្ដំចុងក្រោយយ៉ាងភ្ញាក់ផ្អើលរបស់ លោកតា ស៊ិន ស៊ីអាមុត
ជឿជាក់ថា មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ប្រាកដជានៅភ្ញាក់ផ្អើលមិនទាន់អស់ចិត្តនៅឡើយ ខណៈនៅសុខៗកីឡាករ បឺត សំរេច បាននិយាយនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ថា លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ដោយម្ដាយរបស់លោកគឺជាអ្នករបាំព្រះរាជទ្រព្យសម័យមុន និង ជាគ្រូពេទ្យម្នាក់នៅខេត្តកំពង់ឆ្នាំង។
លោក បឺត សំរេច លើកឡើងទាំងក្ដុកក្ដួលពីប្រវត្តិរបស់ខ្លួនថា ពេលដែលលោកនៅក្នុងពោះម្ដាយ ៤ ខែ លោកតា ស៊ិន ស៊ីសាមុត ដែលជាឪពុក បានទៅរៀបការភរិយាស្របច្បាប់ ធ្វើឱ្យម្ដាយលោកមានចិត្តខឹងជាខ្លាំង ហើយនៅពេលលោកមានអាយុ ៦ ខែ ម្ដាយរបស់លោកក៏បានចាកចេញទៅរស់នៅប្រទេសឡាវ ដែលជាស្រុកកំណើរឪពុករបស់ម្ដាយលោក ហើយចាប់តាំងពីពេលនោះមក លោកក៏ត្រូវរស់នៅជាមួយម្ដាយចិញ្ចឹម ដែលត្រូវជាបងស្រីបង្កើតរបស់ម្ដាយលោក។
ម្ដាយចិញ្ចឹមរបស់លោក បឺត សំរេច បានរៀបរាប់នូវជីវប្រវត្តិរបស់លោក ប្រាប់លោកនៅអាយុ ១៤ ឆ្នាំ ធ្វើឱ្យលោកមានអារម្មណ៍ដក់ជាប់ក្នុងបេះដូងមិនហ៊ាននិយាយប្រាប់អ្នកណាពីប្រវត្តិរបស់លោកឡើយ ព្រោះកាលនោះមានគេចំអន់ថា លោកគឺជាកូនគ្មានឪពុកម្ដាយ ម្យ៉ាងម្ដាយរបស់លោក និង អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក៏មិនទាន់បានរៀបការតាមប្រពៃណីដែរ។
កាលនោះអធិរាជសំឡេងមាស ក៏បានទាក់ទងសុំឱ្យម្ដាយកូនលោក បឺត សំរេច ទៅរស់នៅជាមួយគ្នាដែរ ប៉ុន្ដែម្ដាយលោកមិនយល់ព្រម។ មុនចាកចេញ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ក៏បានផ្ដែផ្ដាំម្ដាយចិញ្ចឹមលោក បឺត សំរេច ថា កុំឱ្យលោកចូលសិល្បៈធ្វើជាបុគ្គលល្បីល្បាញអី សូមឱ្យលោករស់នៅធ្វើជាជនសាមញ្ញៗបានហើយ ពោលគឺពេលលោកធំឡើង អាចឱ្យលោកធ្វើជាប៉ូលិស ទាហាន ឬគ្រូពេទ្យចុះ៕