(វីដេអូ) លោក បឺត សំរេច មានទឹកដមសំឡេងពីរោះខ្លាំង ស័ក្ដិសមជាតំណក់ឈាមអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មែន
ជឿជាក់ថា មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន ប្រាកដជានៅភ្ញាក់ផ្អើលមិនទាន់អស់ចិត្តនៅឡើយ ខណៈនៅសុខៗកីឡាករ បឺត សំរេច បាននិយាយនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ថា លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស លោកតា ស៊ិន ស៊ីសាមុត ដោយម្ដាយរបស់លោកគឺជាអ្នករបាំព្រះរាជទ្រព្យសម័យមុន និង ជាគ្រូពេទ្យម្នាក់នៅខេត្តកំពង់ឆ្នាំង។
លោក បឺត សំរេច លើកឡើងទាំងក្ដុកក្ដួលពីប្រវត្តិរបស់ខ្លួនថា ពេលដែលលោកនៅក្នុងពោះម្ដាយ ៤ ខែ លោកតា ស៊ិន ស៊ីសាមុត ដែលជាឪពុក បានទៅរៀបការភរិយាស្របច្បាប់ ធ្វើឱ្យម្ដាយលោកមានចិត្តខឹងជាខ្លាំង ហើយនៅពេលលោកមានអាយុ ៦ ខែ ម្ដាយរបស់លោកក៏បានទៅរស់នៅប្រទេសឡាវ ដែលជាស្រុកកំណើរជីតាខាងម្ដាយរបស់លោក ហើយចាប់តាំងពីពេលនោះ លោកក៏ត្រូវរស់នៅជាមួយម្ដាយចិញ្ចឹម ដែលត្រូវជាបងស្រីបង្កើតរបស់ម្ដាយលោក។
ចាប់តាំងពីលោក បឺត សំរេច ដឹងជីវប្រវត្តិខ្លួនឯងនៅអាយុ ១៤ ឆ្នាំ ដោយម្ដាយចិញ្ចឹមបាននិយាយប្រាប់ ធ្វើឱ្យលោកមានអារម្មណ៍ដក់ជាប់ក្នុងបេះដូងមិនហ៊ាននិយាយប្រាប់អ្នកណាពីប្រវត្តិរបស់លោកឡើយ ព្រោះកាលនោះមានគេចំអន់ថា លោកគឺជាកូនគ្មានឪពុកម្ដាយ។
យ៉ាងណាមិញ ក្រោយការពិតត្រូវបានលាតត្រដាង កីឡាករ បឺត សំរេច ក៏បានបកស្រាយបទចម្រៀង «បុប្ផាកំពង់ហាវ» យ៉ាងពីរោះមានទឹកដម ពោរពេញដោយមនោសញ្ចេតនាលន្លង់លន្លោច បំពេអារម្មណ៍អ្នកស្ដាប់ឱ្យទោរទន់ក្រៃលេង ខណៈបទនេះ ទំនងជាលោកតា ស៊ិន ស៊ីសាមុត តែងឡើងដើម្បីបង្ហាញពីមនោសញ្ចេតនាស្នេហាជាមួយម្ដាយលោក បឺត សំរេច នាពេលនោះ។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖