ទ័លខ្លាំង! Kris Wu ដាក់លក់អាផាតមិននៅសៀងហៃបន្ទាន់ យកលុយបង់ពិន័យគេចពន្ធ ទាំងខ្លួននៅជាប់ឃុំ
មហាជនអ្នកគាំទ្រមួយចំនួនធំបានដឹងហើយថា បច្ចុប្បន្ននេះ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ១៣ ឆ្នាំ ដោយចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈអនិតីជន ប៉ុន្តែតារាចម្រៀងប្រុសកូនកាត់ចិន-កាណាដា រូបនេះ ក៏ត្រូវបានគេនិយាយថានៅតែត្រូវសងលុយពិន័យគេចពន្ធដែលជំពាក់ដដែល។ ដូច្នេះហើយ បើតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានឱ្យដឹងថា Kris កំពុងជួបទុក្ខទ័លគំនិតដាក់លក់ទ្រព្យរបស់លោកនៅសេសសល់ជាបន្តបន្ទាប់។
គួររំឭកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ តារាចម្រៀងប្រុសវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទគេចពន្ធដោយមានការកិបកេងលុយចំណូលផ្ទាល់ខ្លួន តាមរយៈការធ្វើប្រតិបត្តិការអាជីវកម្មក្លែងក្លាយចន្លោះឆ្នាំ ២០១៩ និង ២០២០ ក្នុងនោះការិយាល័យពន្ធក្រុងប៉េកាំងបានអនុវត្តតាមច្បាប់ដោយពិន័យជាប្រាក់សងបំណុលសរុបចំនួន ៨៣ ៦០៦ ២២០ ដុល្លារអាមេរិក។
ទោះជាយ៉ាងណា បើតាមការចុះផ្សាយបន្ថែមបានឱ្យដឹងថា Kris Wu សុខចិត្តដាក់លក់អាផាតមិនខាត នៅឯទីក្រុងសៀងហៃក្នុងតម្លៃ ១៦ ០២១ ៦២៧ ដុល្លារអាមេរិក ដែលតម្លៃនេះគឺទាបជាងទីផ្សារខ្លាំង ព្រោះបើគិតតាមតម្លៃលើទីផ្សារពេលបច្ចុប្បន្ន អាផាតមិននោះ គឺមានតម្លៃដល់ទៅ ១៧ ៨៣៣ ២៥៤ ដុល្លារអាមេរិកឯណោះ។
អ្វីដែលគួរឱ្យដឹង លើសពីនេះ គឺអាផាតមិននេះមិនបានលក់ក្នុងនាមជាឈ្មោះរបស់ Kris នោះទេ ដោយហេតុផលរក្សាជាសម្ងាត់ និង ឯកជនភាព។ ក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមថា អាផាតមិនមួយនេះ គ្រាន់តែជាចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់អតីតតារាចម្រៀងរូបនេះប៉ុណ្ណោះ៕