ទីបំផុត សុខុម រចនា បង្ហោះសារអរគុណ ជី ដេវីដ ម្ចាស់ដើមបទ «How About Now?» និង សុំអធ្យាស្រ័យរឿងនិយាយជ្រុលលើឆាក
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាជជែកវែកញែកពាក់ព័ន្ធនឹងបទចម្រៀង «How About Now?» ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ បន្ទាប់ពី សុខុម រចនា ដែលបានច្រៀង Cover បទចម្រៀងមួយបទនេះ ធ្វើឱ្យផ្ទុះល្បីល្បាញកាន់តែខ្លាំង យកទៅច្រៀងលើឆាក The Voice Cambodia រដូវកាលទី ៣ ព្រមទាំងពោលពាក្យអរគុណអ្នកគាំទ្រដែលបានចុចចូលទស្សនាបទនេះរហូត ៣០ លានដង។
សកម្មភាពរបស់ សុខុម រចនា បានបង្កឱ្យផ្ទុះការបញ្ចេញមតិវែកញែកយ៉ាងច្រើនស្អេកស្កះពីមហាជន ដោយមានការប្រតិកម្មឆ្លើយតបថា រចនា ត្រឹមជាអ្នក Cover ប៉ុណ្ណោះ ប៉ុន្ដែបង្ហាញទង្វើហាក់បីដូចជាម្ចាស់ទៅវិញ ខណៈលោក ជី ដេវីត ដែលជាម្ចាស់បទពិតប្រាកដ បែររក្សាភាពស្ងៀមស្ងាត់ទៅវិញ។ តែយ៉ាងណាក៏មានមហាជនមួយចំនួនលើកឡើងពីទេពកោសល្យរបស់ រចនា ដែលនាងនៅវ័យក្មេង តែមានសំឡេងពីរោះ មានសមត្ថភាព និង ភាពក្លាហានពេញខ្លួន។
ក្រោយសន្ទុះនៃការប្រតិកម្មពីមហាជនហាក់មិនទាន់ថមថយនៅឡើយ ស្រាប់តែថ្មីៗនេះ សុខុម រចនា បានបង្ហោះសារបកស្រាយថា ៖ «សូមអរគុណសម្រាប់ការស្រឡាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានគាំទ្ររូបនាងខ្ញុំតាមរយៈបទ cover «How About Now» ដែលជាបទម្ចាស់ដើមរបស់បងប្រុស G-Devith នាងខ្ញុំសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គង ដោយនិយាយពេលភ្លាមៗនៅលើឆាក នាងខ្ញុំមិនបានរៀបចំពាក្យនិយាយឱ្យគ្រប់ជ្រុងជ្រោយទេ និង មិនបានតាំងខ្លួនជាម្ចាស់បទដែរ ខ្ញុំគ្រាន់តែសប្បាយរីករាយដែលទទួលបានលទ្ធផលល្អ និង អរគុណចំពោះបងប្អូនអ្នកទស្សនាបទ cover ក្នុងយូធូបវីយូ 30M ប៉ុណ្ណោះ ហើយក៏អរគុណបងប្អូនសម្រាប់ការបញ្ចេញមតិយោបល់ផងដែរ ។ ខ្ញុំពិតជាស្រឡាញ់បងប្អូនខ្មែរទាំងអស់គ្នា។ អរគុណខ្លាំងៗ»៕