កាន់តែក្ដៅ! សាយ ម្ចាស់បទ «ងប់ងល់» បង្ហោះសារមួយថា ផឹកទឹកកុំភ្លេចប្រភព ច្រៀងបទគេកុំភ្លេចម្ចាស់ដើម
រឿងដ៏ក្ដៅគគុកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានជជែកវែកញែកខ្លាំងពាក់ព័ន្ធនឹងបទចម្រៀង «How About Now?» បន្ទាប់ពី សុខុម រចនា បានច្រៀង Cover បទចម្រៀងមួយបទនេះធ្វើឱ្យផ្ទុះល្បីល្បាញកាន់តែខ្លាំងលើឆាក The Voice Cambodia រដូវកាលទី ៣ ព្រមទាំងពោលពាក្យអរគុណអ្នកគាំទ្រដែលបានចុចចូលទស្សនាបទនេះរហូតដល់ ៣០ លានដង។
ជាមួយនឹងសកម្មភាពរបស់ សុខុម រចនា បានបង្កឱ្យផ្ទុះការបញ្ចេញមតិវែកញែកព្រាត ពីមហាជនពាសពេញបណ្ដាញសង្គម ដោយមានការប្រតិកម្មឆ្លើយតបថា រចនា ត្រឹមជាអ្នក Cover ប៉ុណ្ណោះ ប៉ុន្ដែបង្ហាញទង្វើហាក់បីដូចជាម្ចាស់ទៅវិញ ខណៈលោក ជី ដេវីត ដែលជាម្ចាស់បទពិតប្រាកដ បែររក្សាភាពស្ងៀមស្ងាត់ទៅវិញ។ យ៉ាងណាក៏មានមហាជនមួយចំនួនលើកឡើងពីទេពកោសល្យរបស់ រចនា ដែលនាងនៅវ័យក្មេង តែមានសំឡេងពីរោះ មានសមត្ថភាព និង ភាពក្លាហានពេញខ្លួន។
ខណៈប្រធានបទមួយនេះនៅតែក្ដៅ ដោយត្រូវបានមហាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួនលើកយកទៅវែកញែកបន្តបន្ទាប់នោះ គេក៏បានឃើញបណ្ដាញសង្គមហ្វេសប៊ុកផេករបស់តារាចម្រៀងប្រុសសំឡេងផ្អែម សាយ ក៏បានបង្ហោះសារទម្លាយអារម្មណ៍ក្នុងចិត្ត ទំនងពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើផងដែរថា ៖ «ផឹកទឹកកុំភ្លេចប្រភព ច្រៀងបទគេកុំភ្លេចម្ចាស់ដើម នោះគុណតម្លៃសិល្បៈរបស់សិល្បករនឹងមិនសាបសូន្យ»៕