ជី ដេវីត បង្ហោះសារចាក់ដោតមួយ ពេលបទ «How About Now?» កំពុងក្លាយជាប្រធានបទក្ដៅ
ថ្មីៗនេះ បទចម្រៀង «How About Now?» របស់តារាចម្រៀងរ៉េប ងួន ចាន់ដេវីត កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok លើកយកមកជជែកធ្វើជាប្រធានបទក្ដៅគគុក បន្ទាប់ពីអ្នកចម្រៀងអកកាដង់ សុខុម រចនា ដែលយកបទមួយនេះទៅច្រៀង Cover និង ទទួលបានការចុចចូលទស្សនារហូតដល់ ៣០ លានដងនោះ ទៅបកស្រាយនៅលើឆាក The Voice Cambodia ព្រមទាំងអរគុណអ្នកគាំទ្រជាខ្លាំង។
ងាកមកតារាចម្រៀងរ៉េប ងួន ចាន់ដេវីត ដែលជាម្ចាស់ដើមបទ «How About Now?» វិញ ក្រោយរឿងរ៉ាវមួយនេះ កំពុងក្លាយជាប្រធានបទដ៏ពេញនិយមត្រូវមហាជននាំគ្នាបញ្ចេញមតិយ៉ាងក្ដៅគគុក ស្រាប់តែតារាប្រុសរូបនេះ បង្ហោះសារយ៉ាងចាក់ដោតមួយថា ៖ «បើសិនជាអ្នកមានអារម្មណ៍ថាជីវិតអ្នកឈឺចាប់ អួលអាក់ អន់ចិត្ត ស្អិតទ្រូង ចូលអ្នកក្រឡេកមើលជីវិតខ្ញុំ នោះអ្នកនឹងធូរស្រាល (ដៃបេះដូង)»។
ដ្បិតថាតារាចម្រៀង ជី ដេវីត មិនបានបញ្ជាក់ថា សារមួយនេះ លោកចង់សំដៅដល់ជីវិតរបស់លោកនាពេលនេះបានជួបរឿងឈឺចាប់អ្វីខ្លះក៏ពិតមែន ប៉ុន្ដែអាចនិយាយបានថា នេះជាលើកដំបូងហើយដែល ជី ដេវីត បង្ហោះសារមានអត្ថន័យចាក់ដោតដូច្នេះនៅលើបណ្ដាញសង្គម ស្របពេលដែលមហាជនកំពុងជជែកអំពីបទ «How About Now?» របស់លោក៕