(វីដេអូ) ឡូយអស់ទាស់! ទើបវ័យ ១៩ ឆ្នាំ ឈានចូល ២០ សោភា ទេពី ចូលប្រកួតកម្មវិធី The Rapper Cambodia ច្រៀងរ៉េបមួយអ៊េម
ថ្មីៗនេះ មហាជនអ្នកគាំទ្រចម្រៀងរ៉េប និង យុវវ័យមានទេពកោសល្យផ្នែកចម្រៀងរ៉េប កំពុងតែមានក្តីរំភើបចិត្តយ៉ាងខ្លាំង ក្រោយប្រទេសកម្ពុជាបានទិញសិទ្ធិនាំចូលកម្មវិធី «The Rapper Cambodia» ជាកម្មវិធីប្រឡងរ៉េបដ៏ពេញនិយម ដែលមានប្រភពពីប្រទេសថៃ ហើយក៏ត្រូវបានប្រទេសវៀតណាមទិញសិទ្ធិផលិតកម្មវិធី ក្រោមឈ្មោះ Rap Viet និង ត្រូវបានចាត់ទុកថាជាកម្មវិធីប្រឡងរ៉េបលេខ ១ ឈានមុខគេនៅក្នុងប្រទេសខាងលើនេះ។
ជាងនេះទៅទៀត អ្វីដែលកាន់តែពិសេសកម្មវិធី «The Rapper Cambodia» ក៏មានការចូលរួមបង្ហាញវត្តមានពីលំដាប់តារាចម្រៀងរ៉េបល្បីៗក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស។ ជាពិសេស ក៏មានសិល្បករមួយចំនួនពីផលិតកម្មបារមី ក្នុងការផលិតកម្មវិធី និង ជា Coach ជាគណៈកម្មការទៀតផង។
វគ្គដំបូងនៃការដាក់ពាក្យប្រឡងក្នុងវគ្គជម្រុះតាមអនឡាញ បានផុតកំណត់ទទួលកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅហើយ ហើយក្នុងនោះគេក៏មានឃើញបេក្ខជន បេក្ខនារី បានចូលរួមបង្ហាញសមត្ថភាពរ៉េបក្នុងការដាក់ពាក្យនៅលើបណ្តាញសង្គម Tik Tok ជាច្រើន។
ជាក់ស្តែង អ្វីដែលកំពុងតែធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម Tik Tok ចាប់អារម្មណ៍នោះគឺតារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី ក៏មានវត្តមានជាបេក្ខនារីក្នុងកម្មវិធី «The Rapper Cambodia» ផងដែរ។
ក្នុងនោះ តារាចម្រៀងវ័យ ១៩ ឆ្នាំ ឈានចូល ២០ ឆ្នាំ កញ្ញា សោភា ទេពី ក៏ត្រូវបានមហាជនសរសើរពីទេពកោសល្យនៃការរ៉េបរបស់នាង ដែលពូកែលេងពាក្យ និង រ៉េបយ៉ាងទាក់ទាញទៅតាមបទភ្លេងទាំង ៤ ដែលកម្មវិធីបានដាក់ឱ្យផងដែរ៕