នៅសុខៗប្រពន្ធ S Kantapong ត្រូវគេរិះគន់ថាធ្វើទង្វើបិទបាំងមួយនេះ ក្រោយពេលប្តីបានដឹងខ្លួនពីសន្លប់
អ្វីដែលមហាជន និង គ្រួសាររបស់ S Kantapong បានបន់ស្រន់ចង់ឱ្យតារាប្រុសរូបនេះដឹងខ្លួន ពេលនេះបានដូចអ្វីដែលប៉ងហើយ ពោលគឺ S Kantapong បានដឹងខ្លួនហើយ បន្ទាប់ពីដួលបាត់បង់ស្មារតីអស់រយៈពេលជាង ១ ខែមក។
បើទោះបីជាកន្លងមក មហាជនមិនសូវបានជ្រាបព័ត៌មានពីសុខទុក្ខ S Kantapong យ៉ាងណាក៏ដោយ តែភរិយារបស់តារាប្រុសរូបនេះព្យាយាមចេញមុខបង្ហើបពីស្ថានភាពជំងឺរបស់ស្វាមីជារឿយៗឱ្យមហាជនបានជ្រាបមករហូត បើទោះបីជាមិនបានបង្ហាញសកម្មភាព ឬ រូបភាពរបស់ស្វាមីជាញឹកញាប់ក៏ដោយ។
ដោយឡែក ទន្ទឹមនឹងមហាជនរីករាយ និង អបអរចំពោះការវិលត្រឡប់របស់ S Kantapong តែបែរជាមានអ្នកគាំទ្រម្នាក់បានរិះគន់ទៅកាន់ភរិយា S Kantapong ទៅវិញ ដោយបានបោះសម្តីថា ៖ «ការពិតទៅប្រសិនបើស្វាមីដឹងខ្លួនហើយមានតែគេជួយអរ តែហេតុអ្វីចាំបាច់លាក់បាំង មិនលើកទូរស័ព្ទ ធ្វើដូចមិនចង់ផ្តល់ព័ត៌មាន ឆ្ងល់ណាស់ បើជាហើយអ្នកណាទៅថាអ្វីមានតែគេជួយអរ»៕