ក្រោយកក្រើករឿង Cover បទ «How About Now?» ឡើងវិញ សុខុម រចនា ស្រាប់តែបង្ហោះសារក្តៅគគុកនេះឡើង
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាជជែកវែកញែកពាក់ព័ន្ធនឹងបទចម្រៀង «How About Now?» ក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ បន្ទាប់ពី សុខុម រចនា ដែលបានច្រៀង Cover បទចម្រៀងមួយបទនេះ ធ្វើឱ្យផ្ទុះល្បីល្បាញកាន់តែខ្លាំង យកទៅច្រៀងលើឆាក The Voice Cambodia រដូវកាលទី ៣ ព្រមទាំងពោលពាក្យអរគុណអ្នកគាំទ្រដែលបានចុចចូលទស្សនាបទនេះរហូត ៣០ លានដង។
សកម្មភាពរបស់ សុខុម រចនា បានបង្កឱ្យផ្ទុះការបញ្ចេញមតិវែកញែកយ៉ាងច្រើនស្អេកស្កះពីមហាជន ដោយមានការប្រតិកម្មឆ្លើយតបថា រចនា ត្រឹមជាអ្នក Cover ប៉ុណ្ណោះ ប៉ុន្ដែបង្ហាញទង្វើហាក់បីដូចជាម្ចាស់ទៅវិញ ខណៈលោក ជី ដេវីត ដែលជាម្ចាស់បទពិតប្រាកដ បែររក្សាភាពស្ងៀមស្ងាត់ទៅវិញ។ តែយ៉ាងណាក៏មានមហាជនមួយចំនួនលើកឡើងពីទេពកោសល្យរបស់ រចនា ដែលនាងនៅវ័យក្មេង តែមានសំឡេងពីរោះ មានសមត្ថភាព និង ភាពក្លាហានពេញខ្លួន។
ខណៈប្រធានបទមួយនេះនៅតែក្ដៅ ត្រូវបានមហាជនលើកយកទៅជជែកពេញបណ្ដាញសង្គមនៅឡើយ ស្រាប់តែ សុខុម រចនា បានបង្ហោះសារលើគណនីហ្វេសប៊ុកយ៉ាងមានអត្ថន័យថា ៖ «សូមអរគុណសម្រាប់ការស្រឡាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំខឹងនឹងខ្លួនឯងដែលធ្វើឱ្យបងប្អូនទាំងអស់គ្នាស្រឡាញ់នាងខ្ញុំមិនបានគ្រប់ៗគ្នា សង្ឃឹមថាបន្តិចទៀតបងប្អូនទាំងអស់គ្នានឹងយល់ និងសប្បាយចិត្តឡើងវិញ»៕