ក្តៅគគុក! តារាកូរ៉េ Han Hyo Joo រងការផាកពិន័យ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទគេចពន្ធ
បើតាមការរាយការណ៍ចេញពី Aju Economy កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងតៅនេះ បានឱ្យដឹងថា តារាសម្ដែងស្រី Han Hyo Joo បានរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ៥០ ០០០ ដុល្លារអាមេរិក បន្ទាប់ពីសវនកម្មមួយបានប្រកាសលទ្ធផលបង្ហាញថានាងមិនបានប្រកាសពន្ធ។
ក្នុងនោះដែរ តារាសម្ដែងស្រីវ័យ ៣៦ ឆ្នាំរូបនេះ បានស្ថិតក្រោមការស៊ើបអង្កេតចាប់តាំងពីចុងឆ្នាំ ២០២២ លើការចោទប្រកាន់ពីបទបានរាយការណ៍អំពីពន្ធមិនពិត។
បើតាមការឱ្យដឹងបន្ថែមថា ពីមុន Han Hyo Joo បានទិញអាគារមួយនៅសង្កាត់ Eunpyeong ទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០១៨ ក្នុងនាមសាជីវកម្ម ហើយអ្នកតំណាងអាគារនេះគឺជាឪពុករបស់នាង ប៉ុន្តែមិនមានក្រុមហ៊ុនណាជួលអាគារនេះធ្វើការឡើយ។ លើសពីនេះ ឈ្មោះរបស់តារាស្រីរូបនេះ ក៏បានទិញអាគារមួយទៀតនៅតំបន់ Hannam ទីក្រុងសេអ៊ូលក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ៤ ៣១៣ ៤៣៨ ដុល្លារអាមេរិក តែបានលក់ចេញវិញក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ៦ ២៧២ ៨១២ ដុល្លារអាមេរិក ដោយបានលុយចំណេញដល់ទៅ ១ ៩៥៩ ៣៧៤ ដុល្លារអាមេរិក។
យ៉ាងណាមិញ បើតាមការបង្ហាញពី BH Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាស្រីរូបនេះ បាននិយាយថា នេះអាចជាកំហុសរបស់គណនេយ្យករបានរាយការណ៍ ដែលបង្ហាញពីការចំណាយប្រតិបត្តិការលើរបាយការណ៍ពន្ធ មិនមែនជាចេតនាលើការគេចពន្ធនោះទេ ហើយ Han Hyo Joo បានធ្វើសវនកម្មពន្ធធម្មតា មិនមែនជាការស៊ើបអង្កេតការគេចពន្ធធ្ងន់ធ្ងរឡើយ៕