ទីបំផុត Jennie ចេញមុខឆ្លើយតបទៅអ្នកគាំទ្រផ្ទាល់មាត់ ចំពោះទង្វើកំពុងច្រៀងសុខៗដើរចុះពីលើឆាក
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ការប្រគំតន្រ្តីជុំវិញពិភពលោករបស់ក្រុមចម្រៀង Blackpink បានធ្វើឡើងនៅទីក្រុងមែលប៊ន មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់។ អ្វីដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺកំលុងពេលពួកគេបានសម្ដែងបទ «Lovesick Girls» ស្រីស្អាត Jennie ស្រាប់តែដើរចុះទៅក្រោមឆាកភ្លាមៗ ដែលធ្វើឱ្យអ្នកគាំទ្រកំពុងតែទស្សនាផ្ទាល់ឆ្ងល់ស្ទើរគ្រប់គ្នា។
បន្ទាប់មក ក្នុងថ្ងៃដដែលនោះស្រីស្រស់រាងតូច Rosé ក៏បានបង្ហើបប្រាប់អ្នកគាំទ្រថា ៖ «ថ្ងៃនេះ Jennie មានសុខភាពមិនសូវល្អទេ ដូច្នេះនាងត្រូវការពេលបន្ថែមដើម្បីសម្រាកសម្រាប់សម្តែងនៅការប្រគំតន្ត្រីនៅប៉ុន្មានថ្ងៃខាងមុខទៀត ដូច្នេះសង្ឃឹមអ្នកគ្រប់គ្នានឹងយល់»។
យ៉ាងណាមិញ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ Jennie បានបង្ហោះសារសុំទោស ព្រមទាំងអរគុណដល់អ្នកគាំទ្រដែលខំចំណាយទាំងពេលវេលា និង ថវិកាដើម្បីចូលរួមការប្រគំតន្រ្តីរបស់ខ្លួន ដោយនាងបាននិយាយថា ៖ «Melbourne Blinks! ឱ្យខ្ញុំសុំទោសដែលខ្ញុំមិនអាចសម្ដែងរហូតបញ្ចប់កម្មវិធីកាលពីថ្ងៃអាទិត្យមុនបាន។ ឥឡូវនេះ ខ្ញុំកំពុងតែខំហើយដើម្បីឆាប់បានជាសះស្បើយ។ ការយោគយល់ និង ការគាំទ្ររបស់អ្នកទាំងអស់គ្នាពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ។ អរគុណដល់អ្នកទាំងអស់គ្នាដែលបានមកការប្រគំតន្រ្តីរបស់យើងនៅ Melbourne នេះ។ ស្រឡាញ់អ្នកទាំងអស់គ្នា»៕