ទើបប្រកាសលែងប្តីបាន ១ ថ្ងៃ ពេលនេះតារាភេទទី ៣ Rusameekae ប្រាប់ថាត្រូវគ្នាវិញហើយ
អស់រយៈពេល ៤ ឆ្នាំហើយ ដែលតារាសម្ដែងភេទទី ៣ Rusameekae និង ស្វាមីជនជាតិស៊ុយអែត បានក្លាយជាប្តីប្រពន្ធនឹងគ្នា និង រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ។ ដោយឡែក នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ស្រាប់តែធ្វើឱ្យអ្នកគាំទ្រមានការស្រងាកចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំង ដោយតារាសម្ដែងភេទទី ៣ រូបនេះ ចេញមកប្រកាសថាលោក និង ស្វាមីលែងលះគ្នា។
បើតាមការបង្ហោះរបស់ Rusameekae បានបង្ហោះថា ៖ «បើជាប់ធ្វើការងារនៅឆ្ងាយហើយមានបញ្ហាច្រើននោះ ផ្លូវជីវិតមួយនេះច្បាស់ជាទៅមិនបានវែងឆ្ងាយទៀតឡើយ បើបន្តទៅមុខទៀតអស់ហើយបានត្រឹម ១ សប្តាហ៍ ដូចនេះយើងរីករាយនឹងបញ្ចប់ទំនាក់ទំនងមួយនេះដោយយល់ព្រមលែងលះគ្នា»។
ងាកទៅមើលមហាជនវិញ ក្រោយឃើញតារាភេទទី ៣ រូបនេះមានបញ្ហាគ្រួសារឈានដល់ការលែងលះគ្នាបែបនោះ ម្នាក់ៗបានចូលទៅបញ្ចេញមតិលើកទឹកចិត្ត និង ឱ្យលោក Rusameekae តាំងចិត្តឱ្យត្រជាក់ និង ដោះស្រាយបញ្ហាដោយសន្តិវិធី។ យ៉ាងណាមិញ បន្ទាប់ពីប្រកាសក្ដែងៗថាលែងលះគ្នាពេញបណ្ដាញសង្គមអ៊ីនស្តាក្រាមរួចមក នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ នេះ លោក Rusameekae បានចេញមកទម្លាយថាលោក និង ស្វាមីត្រូវគ្នាវិញហើយ ដែលរឿងនេះកាន់តែធ្វើឱ្យមហាជននឹកស្មានមិនដល់កាន់តែហួសចិត្ត ពោលគឺប្រកាសលែងលះភ្លាម គឺត្រូវគ្នាវិញភ្លែត។
បើតាមការបញ្ជាក់ពីតារាភេទទី ៣ រូបនេះបានឱ្យដឹងថា ៖ «លោក និង ស្វាមី ពិតជាមានបញ្ហានឹងគ្នាមែន គឺពាក់ព័ន្ធនឹងពេលវេលាការងារ។ ស្វាមីរបស់លោកគឺពុំដឹងទេថាលោកមមាញឹកនឹងការងារបែបណានោះ ហើយលោកក៏បានព្យាយាមគ្រប់គ្រងពេលវេលាឱ្យល្អបំផុតដែរសម្រាប់ស្វាមី តែនៅមិនអាចយល់ពីគ្នាបាន រហូតធ្វើឱ្យលោកខឹងខ្លាំងបង្ហោះសារលែងលះបែបនោះទៅ ដើម្បីជាការដាស់តឿន តែពេលនេះលោកបាត់ខឹងហើយ និយាយត្រូវគ្នាវិញហើយ»៕