ក្ដៅដូចភ្នក់ភ្លើង! ជេស៊ីកា ប្រកាសលែងយកលុយដែល ព្រំ រដ្ឋា ជំពាក់ តែសុំធ្វើរឿងក្តៅនេះជំនួសវិញ
រឿងរ៉ាងអាស្រូវជំពាក់បំណុលរបស់អតីតតារាសម្ដែង ព្រំ រដ្ឋា កាន់តែក្ដៅ និង ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នាលើកយកទៅជាប្រធានបទក្ដៅគគុក ដោយខ្លះក៏សោកស្ដាយស្មានមិនដល់ថា ព្រំ រដ្ឋា ខំសាងកេរ្ដិ៍ឈ្មោះកិត្តិយសលើវិថីសិល្បៈរាប់ឆ្នាំមកហើយ ប៉ុន្ដែបែរជាត្រូវបាត់បង់ត្រឹមមួយប៉ប្រិចភ្នែក។
ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះ តារាសម្ដែង ជេស៊ីកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកក្ដែងៗ សុំឱ្យ ព្រំ រដ្ឋា ជួយគិតគូរសងប្រាក់ដែលជំពាក់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ហើយក្រោយមក ព្រំ រដ្ឋា ក៏បានបង្ហោះសារថ្មីមួយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលសារនោះមានអត្ថន័យរៀបរាប់ពីទុក្ខលំបាករបស់នាង ពេលសម័យកូវីដកន្លងមក នាងត្រូវបាត់បង់លុយកាក់ ការងារ ទ្រព្យសម្បត្តិ ហើយសូម្បីតែកិត្តិយសក៏រក្សាមិនបាន អ្វីដែលនៅសេសសល់ គឺមានតែជីវិតមួយប៉ុណ្ណោះ។
បន្ទាប់ពីអតីតតារាសម្ដែង ព្រំ រដ្ឋា ទម្លាយពីដើមហេតុដែលធ្វើឱ្យនាងធ្លាក់ខ្លួនជំពាក់បំណុលគេមិនទាន់អាចដោះស្រាយបាន ព្រោះបញ្ហាកូវីដ-១៩ រាតត្បាតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែ ជេស៊ីកា ក៏បានស៊ែរការផុសរបស់ ព្រំ រដ្ឋា ហើយបន្តទម្លាយរឿងអ្នកទាំងពីរធ្លាប់ធ្វើកិច្ចសន្យាសងប្រាក់តាមផ្លូវច្បាប់ជាមួយគ្នា ប៉ុន្ដែ ព្រំ រដ្ឋា បែរជាបំពានកិច្ចសន្យាទៅវិញ។
ដោយឡែកស្រាប់តែនៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ជេស៊ីកា បានស៊ែរការផុសរបស់ ព្រំ រដ្ឋា ហើយបានប្រកាសលែងយកលុយដែលជំពាក់នោះហើយ តែទន្ទឹមនឹងនោះ នាងក៏ប្រកាសថានឹងស៊ែររូបថតរបស់ ព្រំ រដ្ឋា ដល់ជាតិក្រោយ។
ជេស៊ីកា បង្ហោះសាររៀបរាប់ថា ៖ «អ្នកឯងមិនសងលុយគេកុំគិតថាជាតិនេះអ្នកឯងងើបមុខរួចឱ្យសោះ លុយដែលអ្នកនៅជំពាក់ខ្ញុំលែងយកហើយ តែខ្ញុំសុំ share មុខមនុស្សដែលបោកគេម្នាក់នេះដល់ជាតិក្រោយ»៕