ទីបំផុត! ផ្ទះវីឡាដ៏ស្កឹមស្កៃរបស់ ណាខុន និង ភរិយា សាងសង់រួចរាល់ហើយ រៀបចំពិធីឡើងផ្ទះយ៉ាងធំដំ
មហាជនអ្នកតាមដានជីវិតគូរបស់តារាសម្ដែងប្រុស ណាខុន បានជ្រាបហើយថា លោកបានបើកបង្ហាញមុខភរិយាជាសាធារណៈកាលពីដើមឆ្នាំ ២០២១ កន្លងទៅ។ ក្នុងនោះ លោក ណាខុន ក៏ធ្លាប់បានបញ្ជាក់ប្រាប់ថា លោក និង ភរិយា បានរៀបការជាមួយគ្នារយៈពេល ២ ឆ្នាំកន្លងទៅហើយ ដែលបានធ្វើកម្មវិធីតាមប្រពៃណីខ្មែរយ៉ាងសាមញ្ញ មានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង មិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ។
ម៉្យាងវិញទៀត ក្រោយពីសាងគ្រួសារនឹងអ្នកមេម៉ាយកូន ១ ស្រស់ស្អាតរូបនោះហើយ ណាខុន ក៏ត្រូវបានមហាជនលើកសរសើរថា លោកពិតជាស្រឡាញ់ និង ឱ្យតម្លៃភរិយាយ៉ាងខ្លាំង ថែមទាំងស្រឡាញ់មើលថែកូនប្រុសរបស់ភរិយា ដូចជាកូនបង្កើតរបស់លោកយ៉ាងដូច្នោះ។
យ៉ាងណាមិញ កាលពីពាក់កណ្ដាលឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីបានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល តារាសម្ដែងប្រុសរូបសង្ហា ណាខុន និង ភរិយា ក៏បានចំណាយលុយខ្ទង់សែនដុល្លារទិញផ្ទះវីឡាថ្មីយ៉ាងស្កឹមស្កៃមួយជិតសង់រួច ដែលជាផ្ទះសាងសង់ឡើងសម្រាប់គ្រួសាររបស់លោក។
ដោយឡែក មកដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នេះ ផ្ទះវីឡាដ៏ធំស្កឹមស្កៃតម្លៃរាប់សិបម៉ឺនដុល្លារនោះ បានសាងសងរួចរាល់ហើយ ដោយបានឃើញលោក ណាខុន បង្ហោះរូបភាពពីពិធីឡើងផ្ទះវីឡាថ្មី ដែលបានរៀបចំយ៉ាងធំដំផងដែរ៕