ក្រោយតារាស្រី ជេស៊ីកា បង្ហោះសារទារបំណុល ស្រាប់តែ ព្រំ រដ្ឋា ទម្លាយរឿងក្តៅមួយ ធ្វើឱ្យខ្លួនធ្លាក់ដល់ចំណុចនេះ
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីតារាសម្ដែងកំពុងឡើងកូដ កញ្ញា ជេស៊ីកា បានបង្ហោះសារពាក់ព័ន្ធនឹងបំណុលដែល អតីតតារាសម្តែង និង ជាចាងហ្វាងផលិតកម្ម PR ព្រមទាំងជាអ្នកដឹកនាំរឿងនាពេលបច្ចុប្បន្ន គឺអ្នកនាង ព្រំ រដ្ឋា ជំពាក់មិនទាន់សង។
ជេស៊ីកា បានបង្ហោះសារទាំងយប់ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ ដោយលើកពីឈ្មោះ ព្រំ រដ្ឋា ច្បាស់ៗថា ៖ «បងម៉េចហើយរឿងលុយខ្ញុំ កាលបានបងគិតសងខ្ញុំ ចង់ឱ្យខ្ញុំចាំដល់ពេលណាទៀត ចង់គិតម៉េច ពេលខ្ញុំផុសរូបតាំងថាខ្ញុំអាក្រក់ហើយ ចុះពេលដែលអ្នកឯងកុហកបោកប្រាស់ខ្ញុំ និង ម៉ែវិញ Ratha Prom ជួយសងលុយខ្ញុំផង»។
នេះមិនមែនជាលើកទី ១ ឡើយដែលតារាសម្ដែងរូបស្រស់ ជេស៊ីកា បានបង្ហោះសារនៅលើហ្វេសប៊ុក ប្រកាសសុំឱ្យ ព្រំ រដ្ឋា ប្រញាប់គិតគូរសងលុយដែលជំពាក់នេះ ដោយកាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ជេស៊ីកា ក៏ធ្លាប់បង្ហោះសារប្រកាសឱ្យ ព្រំ រដ្ឋា សងលុយដែរ។
បន្ទាប់ពីផ្ទុះរឿងអាស្រូវលុយកាក់នេះឡើង ស្រាប់តែនៅរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ព្រំ រដ្ឋា ក៏បានបង្ហោះសារទម្លាយរឿងក្នុងចិត្តទាំងអួលថា ៖ «រយៈពេល ២ ឆ្នាំហើយ ដែលខ្ញុំបានបាត់បង់គ្រប់យ៉ាង កិត្តិយស ការងារ ទ្រព្យសម្បត្តិ សឹងទាំងជីវិតដោយការទទួលមិនបាន…កូវីដបានបំផ្លាញខ្ញុំ ឆ្នាំ ២០១៩ ការចាប់ផ្ដើមកូវីដ ទោះមិនទាន់មកដល់ប្រទេសយើង តែយើងគ្រប់គា្នគឺខ្លាច…ការងាររបស់ខ្ញុំចាប់ផ្ដើមជួបបញ្ហា ព្រោះតួមួយចំនួនគាត់ខ្លាចទោះជាយើងមានវិធីការពារ… ខាង tv ក៏តម្រូវឱ្យខ្ញុំកាត់សាច់រឿង ព្រោះគាត់ខ្លាចខ្ញុំថតមិនចប់ ព្រោះរឿងកំពុងចាក់ផ្សាយ…ទាំងដែលខ្ញុំថតជិតចប់…ខ្ញុំចាប់ផ្ដើមខាតបង់…ខ្ញុំតស៊ូធ្វើការងារដែលជាបេះដូងរបស់ខ្ញុំ…ទីបំផុតខ្ញុំត្រូវបាត់បង់ការងារមួយនេះនៅចុងឆ្នាំ ២០២១… ខាងអ្នកធ្វើការឱ្យទូរទស្សន៍លើកឡើងខ្ញុំធ្វើលើសកុងត្រា ៥ ខែ ត្រូវបញ្ចប់កុងត្រាទាំងដែលប្រទេសត្រូវបិទក្រុង… ចុះការខាតបង់របស់ខ្ញុំដែលគិតថាចប់កូវីដនឹងប្រឹងប្រែងជាថ្មី… ខ្ញុំគិតថាមិននិយាយតែពេលនេះខ្ញុំមានអារម្មណ៍ថាហេតុអីពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ…»៕