ក្ដៅគគុក! តារាស្រី ជេស៊ីកា បង្ហោះសារទាំងយប់ ប្រកាសសូមឱ្យ ព្រំ រដ្ឋា សងលុយជំពាក់
តារាសម្ដែងកំពុងឡើងកូដ កញ្ញា ជេស៊ីកា ថ្មីៗនេះបានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការភ្ញាក់ផ្អើលជាថ្មី ក្រោយនាងបានបង្ហោះសារពាក់ព័ន្ធនឹងបំណុលដែល អតីតតារាសម្តែង និង ជាចាងហ្វាងផលិតកម្ម PR ព្រមទាំងជាអ្នកដឹកនាំរឿងនាពេលបច្ចុប្បន្ន គឺអ្នកនាង ព្រំ រដ្ឋា ជំពាក់មិនទាន់សង។
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ ជេស៊ីកា បានបង្ហោះសារទាំងយប់ ដោយលើកពីឈ្មោះ ព្រំ រដ្ឋា ច្បាស់ៗថា៖ «បងម៉េចហើយរឿងលុយខ្ញុំ កាលបានបងគិតសងខ្ញុំ ចង់ឱ្យខ្ញុំចាំដល់ពេលណាទៀត ចង់គិតម៉េច ពេលខ្ញុំផុសរូបតាំងថាខ្ញុំអាក្រក់ហើយ ចុះពេលដែលអ្នកឯងកុហកបោកប្រាស់ខ្ញុំ និង ម៉ែវិញ Ratha Prom ជួយសងលុយខ្ញុំផង»។
ការបង្ហោះសារប្រកាសនៅលើគណនីហ្វេសប៊ុកជាសាធារណៈរបស់ ជេស៊ីកា ដោយសុំឱ្យ ព្រំ រដ្ឋា ប្រញាប់គិតគូរសងលុយដែលជំពាក់នេះ មិនមែនជាលើកដំបូងទេ ព្រោះថាកាលពីអំឡុងខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ ជេស៊ីកា ក៏ធ្លាប់បង្ហោះសារប្រកាសឱ្យ ព្រំ រដ្ឋា សងលុយដែរ៕