ផ្អើលយប់មិញ! បេក្ខភាព វ៉ា សុរ៉ាវ័ន្ត បង្ហើរសំនៀងភ្លាមមហាជនហ៊ោព្រាត ព្រោះសំឡេងស្រដៀងសម្រែករាជសីហ៍ អ៊ីណូ ខ្លាំង
ការប្រកួតវគ្គ Blind Audition សប្ដាហ៍ទី ២ របស់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានចាក់ផ្សាយហើយ កាលពីរាត្រីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ជាមួយនឹងវត្តមានបេក្ខជន-បេក្ខនារីពោរពេញដោយសមត្ថភាព និង ទឹកដមសំឡេងពីរោះៗជាច្រើននាក់ បានបង្ហាញខ្លួនធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្ដែង នារាត្រីនោះមហាជនអ្នកទស្សនាទាំងនៅក្នុងស្ទូឌីយូផ្ទាល់ និង តាមរយៈការ Live ព្រមទាំងគណៈកម្មការទាំង ៤ ក្ដី មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញមានបេក្ខភាពមួយរូបមានឈ្មោះថា វ៉ា សុរ៉ាវ័ន្ត មានអាយុ ៣៣ ឆ្នាំ ជាអ្នកខេត្តស្វាយរៀង បានបកស្រាយបទចម្រៀងរបស់តារាចម្រៀង លោក អ៊ីណូ មានចំណងជើងថា «ម៉ោងបាយនឹកអូន» បានយ៉ាងល្អ សឹងតែបេះបិទដូចទៅនឹងសំឡេងម្ចាស់ដើម។
មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ គឺរូបរាង ព្រមទាំងការតុបតែងខ្លួនរបស់លោក សុរ៉ាវ័ន្ត ក៏ស្រដៀងទៅនឹងលោក អ៊ីណូ ជាខ្លាំងផងដែរ រហូតធ្វើឱ្យគណៈកម្មការទាំង ៤ បានលាន់មាត់ថា ស្មានតែកម្មវិធីយកតារាចម្រៀងពិតមក Prank ថែមទៀតផង។ យ៉ាងណាមិញ គួរឱ្យសោកស្ដាយនារាត្រីនោះ លោក វ៉ា សុរ៉ាវ័ន្ត ពុំទទួលបានការចុចយកពីគណៈកម្មការទាំង ៤ នោះឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖