កាន់តែធ្ងន់-ក! Yoo Ah In កំពុងប្រឈមទោសធ្ងន់ ក្រោយរកឃើញប្រើសារធាតុថ្នាំហាមឃាត់ ២ ទៀត សរុប ៧ ក្នុងខ្លួន
កន្លងមក តារាសម្ដែងប្រុស Yoo Ah In បានផ្ទុះរឿងអាស្រូវកក្រើកប្រទេស ដោយសារតែការប្រើប្រាស់សារធាតុថ្នាំហាមឃាត់ចំនួន ៥ ប្រភេទ ដូចជា Propofol, កញ្ឆា, cocaine, ketamine និង zolpidem។ យ៉ាងណាមិញ ក្នុងសវនាការជាមួយតុលាការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣ តារាប្រុសរូបនេះ បានសារភាពទទួលស្គាល់ការចោទប្រកាន់ដោយភាគច្រើនលើការប្រើប្រាស់គ្រឿងញៀន។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ បណ្តាញសារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយអំពីការចោទប្រកាន់លើ Yoo Ah In បានប្រើប្រាស់សារធាតុហាមឃាត់លើសពីចម្លើយសារភាពលើកមុន។
ជាមួយគ្នានោះ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តារាសម្ដែងរូបនេះត្រូវគេសង្ស័យថាបានប្រើប្រាស់ថ្នាំហាមឃាត់ដល់ទៅ ៧ ប្រភេទ រួមមាន Propofol, កញ្ឆា, cocaine, ketamine និង zolpidem ហើយសារធាតុថ្នាំទើបរកឃើញ Midazolam និង Alprazolam ជាប្រភេទថ្នាំប្រើសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្ត ព្យាបាលការគេងមិនលក់ និង ជំងឺថប់អារម្មណ៍ ដែលតារាប្រុសរូបនេះត្រូវបានគេនិយាយថាបានប្រើថ្នាំផ្លូវចិត្តទាំងពីរនេះ នៅដើមឆ្នាំ ២០២៣៕