(វីដេអូ) ដឹងតែអស្ចារ្យមិនខាន! សំណាង អេលីណា និង ធីតាឯកសង្ក្រាន្ត ៤ ជំនាន់ នឹងពួតដៃគ្នាសម្ដែងជាអប្សរាហោះ ក្នុងថ្ងៃបើកអាស៊ានប៉ារ៉ាហ្គេម
ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ដែលប្រព្រឹត្តទៅដោយរលូន ពេលនេះកម្ពុជាក៏ត្រៀមប្រារព្ធពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។
ពិតណាស់ ក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ក៏មានការរៀបចំកម្មពិធីដ៏ធំ និង ត្រៀមសម្ដែងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដោយសិល្បករ-ការិនី បងប្អូនក្រុមសម្ដែងជាច្រើនផងដែរ។
យ៉ាងណាមិញ ខណៈកម្ពុជាកំពុងត្រៀមរៀបចំពិធីបើកអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ ក៏បានឃើញសកម្មភាពហាត់សមមួយចំនួនដែលត្រៀមបង្ហាញនៅក្នុងការបើកអាស៊ានប៉ារ៉ាហ្គេមនេះ កំពុងផ្ទុះការចែករំលែកតៗគ្នាពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង TikTok។
អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញសកម្មភាពហាត់សមរបស់ស្រីស្អាត ៥ រូប ដែលសុទ្ធតែជាបវរកញ្ញា និង ធីតាឯកសង្រ្កាន្ត បានហាត់សមជិះខ្សែរ៉តហោះ ត្រៀមសម្ដែងទស្សនីយភាពទេពអប្សរាហោះយ៉ាងអស្ចារ្យ។ បវរកញ្ញា និង ធីតាឯកសង្រ្កាន្តទាំង ៥ រូបនោះមាន Miss Universe Cambodia ២០១៩ សំណាង អេលីណា, ទេពធីតាសង្រ្កាន្ត ២០១៨ កញ្ញា សុគា គឹមលាង, ធីតាឯកសង្រ្កាន្តរដូវកាលទី ១ កញ្ញា ប៊ុន្លឿម ពេជម្នី, ធីតាឯកសង្រ្កាន្តរដូវកាលទី ២ កញ្ញា សាន្ត កុសុមៈ, ធីតាឯកសង្រ្កាន្តរដូវកាលទី ៣ កញ្ញា ហេង រិនសុម៉ាលីតា៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖