ពូកែមានអ្នកសួររឿងស្នេហាពេក? ស្រាប់តែ ហេង ពិទូ ឆ្លើយតបវិញមិនស្ទាក់ស្ទើរ
ជឿជាក់ថាមហាជនលើបណ្ដាញសង្គមបានស្គាល់ច្បាស់ហើយ លោក ហេង ពិទូ ដែលជាតារាចម្រៀងប្រុស Original Song ចាស់វស្សាដ៏ល្បីឈ្មោះម្នាក់នៅក្នុងវិស័យសិល្បៈ ពោរពេញដោយទេពកោសល្យក្នុងវិស័យចម្រៀង ទាំងការច្រៀង និង និពន្ធបទចម្រៀងពីរោះៗល្បីៗជាច្រើនបទ។
យ៉ាងណាមិញ ទោះជាលោកបានប្រឡូកក្នុងអាជីពមួយនេះរាប់ឆ្នាំមកហើយ តែរឿងដែលគួរឱ្យសរសើរ ហេង ពិទូ នៅតែជាតារាចម្រៀងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រោះមកដល់ពេលបច្ចុប្បន្ននេះ បទចម្រៀងរបស់លោកនៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។
ជាពិសេសទៅទៀតនោះ សព្វថ្ងៃនេះកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីក្នុងស្រទាប់យុវវ័យ រហូតធ្វើឱ្យគេនឹកឃើញមុនគេនៅពេលឃើញ និងឮឃ្លា «ស្រឡាញ់គេម្នាក់ឯង» ព្រោះតែបទចម្រៀងលោកនីមួយៗមានអត្ថន័យចាក់ដោតទៅអ្នកចូលចិត្តស្រឡាញ់គេតែម្នាក់ឯងពេក។
ជាក់ស្ដែង នៅខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ លោក ហេង ពិទូ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ក្រោយឃើញលោកបានបង្ហោះសារមួយ រៀបរាប់នៅពេលដែលគេសួរសំណួរដដែលថា «ពេលណាមានអ្នកក្បែរដូចដើម?»។ លោកក៏បានបន្ត ក្នុងន័យចង់ឆ្លើយតបទៅអ្នកសួរថា ៖ «ខ្ញុំញញឹមហើយដកដង្ហើម មិនចង់ផ្តើមទៀត ព្រោះស៊ាំផ្លូវអារម្មណ៍ មានអត់ ក៏គ្មានអ្វីបញ្ហា យូរទៅក៏ធ្លាប់ គ្មានអីអស្ចារ្យ ស្នេហាដដែលៗ។ នឿយណាយ»៕