មកទល់អាយុ ៣៨ ឆ្នាំនេះ Sandara Park ទើបដាច់ចិត្តទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយពាក់ព័ន្ធស្នេហា
អតីតសមាជិកក្រុមចម្រៀងនារីកូរ៉េដ៏ល្បី 2NE1 គឺកញ្ញាសាច់ចាំវ័យ ៣៨ ឆ្នាំ Sandara Park មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រលង់ស្រឡាញ់បាក់ទឹកបាក់ដី ដោយសារតែសមត្ថភាព ព្រមទាំងអត្តចរិតរបស់នាង តាមរយៈបទចម្រៀងនានានោះទេ សូម្បីតែសិល្បកររួមជំនាន់ សិល្បកររៀមច្បង ឬ សិស្សប្អូនក៏លង់ស្រឡាញ់នាងភ្លូកទឹកភ្លូកដីផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ Sandara Park បានបង្ហាញខ្លួននៅលើឆានែល Youtube ដែលមានលោក Tak Jaehoon ជាអ្នករៀបចំ។ ដោយក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ ពិធីករក៏បានសួរនាងអំពីការហាមឃាត់នៃការណាត់ជួប ឬ មានទំនាក់ទំនងស្នេហារបស់សមាជិកក្រុមចម្រៀង 2NE1 ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ពី Debut។
យ៉ាងណាមិញ ទាក់ទងនឹងសំណួរនេះ Sandara បានលាតត្រដាងមកថា ៖ «ចាប់តាំងពីនាងបង្ហាញខ្លួនជាសមាជិក 2NE1 មក មានតារាប្រុសៗជាច្រើនបានទាក់ទងទៅនាងដើម្បីចង់ជួប ឬ ញ៉ែនាងជាដើម។ បន្ទាប់មកក៏ដឹងដល់ CEO Yang (Yang Hyunsuk) ហើយលោកក៏បានដកទុកទូរស័ព្ទរបស់ពួកគេទាំង ៤ នាក់តែម្ដង ដោយសារតែកំហុស Sandara»។
បន្តជាមួយនឹងកិច្ចសម្ភាស ពិធីករក៏បានសួរថាតើម្នាក់ណាដែលព្យាយមចូលមកជិតនាងជាងគេ? បន្ទាប់មក Sandara បានលើកឡើងថា ៖ «មានច្រើនណាស់! ទាំងរៀមច្បង ទាំងសិស្សប្អូន គឺខ្ញុំទទួលបានការសារភាពស្នេហ៍ស្មើៗគ្នាទាំងពីតារាចម្រៀង តារាសម្ដែង ជាដើម»។ នាងបានបន្តទៀតថា ៖ «ខ្ញុំគិតថាប្រហែលជាពេលនោះ (កំឡុងពេល 2NE1 debut) អាយុរបស់ខ្ញុំវាល្មមក្នុងការមានស្នេហា ព្រោះកាលនោះខ្ញុំមានវ័យ ២៦ ឆ្នាំដែរហើយ។ ដូច្នេះប្រហែលជាពួកគេគិតថា វាមិនអីទេសម្រាប់ខ្ញុំក្នុងការណាត់ជួប ឬ មានទំនាក់ទំនងស្នេហា»៕