
សុខៗ សារ៉ាយ សក្កណា បង្ហើបពាក់ព័ន្ធនឹងវិស័យបវរកញ្ញា ធ្វើឱ្យអ្នកគាំទ្រលួចរំភើប
តារាសម្ដែង សារ៉ាយ សក្កណា កំពុងរស់នៅក្នុងជីវិតគ្រួសារមួយដែលពេញលេញ ដោយមានស្វាមីពូកែយល់ចិត្ត មានកូនប្រុសស្រីដ៏គួរឱ្យស្រឡាញ់ដល់ទៅ ២ នាក់ ចំណែកជីវភាពគ្រួសារក៏ល្អប្រសើរ មានមុខជំនួញពេញក្នុងដៃ។
ដ្បិតថាពេលនេះ សារ៉ាយ សក្កណា បានក្លាយជាភរិយា និង ជាម្ដាយគេហើយក៏ពិតមែន ប៉ុន្ដែមកដល់ពេលនេះ នាងនៅតែធ្វើការងារដែលខ្លួនស្រឡាញ់ ដោយបន្តដើរលើវិថីសិល្បៈ រក្សាប្រជាប្រិយភាពឱ្យទស្សនិកជនស្រឡាញ់គាំទ្រមិនជិនណាយដដែល។
ខណៈមានឈ្មោះល្បី ក្លាយជាតារាសម្ដែងស្រីលំដាប់ជួរមុខនៅកម្ពុជាហើយ ថ្មីៗនេះ អ្នកម៉ាក់កូន ២ សារ៉ាយ សក្កណា បានបង្ហើបចង់ចូលប្រកួតបវរកញ្ញា តែទាល់ត្រង់អាយុរបស់នាងពេលនេះ រៀងជ្រេបន្តិចបាត់ទៅហើយ។
សារ៉ាយ សក្កណា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប៉ាក់ឌិន ព្រមទាំងពាក់មកុដដូចបវរកញ្ញា ហើយក្នុងនោះនាងក៏បានសរសេរ Caption បង្ហោះលើហ្វេសប៊ុកផេកបែបលេងសើចថា ៖ «ចង់ដាក់ពាក្យប្រឡងបវរកញ្ញាដែរ តែវ័យរៀងជ្រេទៅហើយ»។ ដ្បិតថាពាក្យសម្ដីរបស់តារាស្រីរូបនេះ ហាក់ដូចជាការលេងសើចក៏ពិតមែន ប៉ុន្ដែនាងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តមិនស្ទើរនោះទេ៕