ផ្អើលពិភពលោក ក្រោយ Influencer អ៊ុយក្រែនម្នាក់ បានធ្វើរឿងដ៏រំជួលចិត្តមួយសម្រាប់ប្រទេសខ្លួន លើកម្រាលព្រំក្រហមនៅ Cannes
Influencer សញ្ជាតិអ៊ុយក្រែនម្នាក់ ត្រូវបានសន្តិសុខចាប់ចេញពីកម្រាលព្រំក្រហមនៃកម្មវិធី Cannes Film Festival ក្រោយរូបនាង បានធ្វើការស្រោចឈាមក្លែងក្លាយពាសពេញខ្លួន ក្នុងបំណងធ្វើបាតុកម្មគាំទ្រប្រទេសរបស់នាង។
នាង Ilona Chernobai ជាគ្រូបង្វឹកហាត់ប្រាណ និង ជា Influencer ម្នាក់ មានអ្នកតាមដាន ១ លាននាក់លើ Instagram បានដើរលើកម្រាលព្រំក្រហមនាកម្មវិធី Cannes Film Festival ក្នុងឈុតរ៉ូបពណ៌ខៀវលាយលឿង ដែលតំណាងឱ្យទង់ជាតិប្រទេសអ៊ុយក្រែន។ ខណៈដើរឡើងជណ្ដើរកម្មវិធី នាងស្រាប់តែទាញថង់ឈាមក្លែងក្លាយពីក្រោមរ៉ូប រួចចាក់ស្រោចពេញខ្លួន ផ្អើលអស់អ្នកចូលរួមនៅទីនោះ។ ភ្លាមៗ ខាងសន្តិសុខ ក៏បានស្ទុះមកចាប់នាងយកចេញពីកម្រាលព្រំផងដែរ។
ក្រោយហេតុការណ៍នេះដែរ នាង Chernobai ក៏បានធ្វើការបង្ហោះសារលើ Instagram របស់នាង ដោយសរសេររៀបរាប់ថា ៖ «ទង្វើរបស់ខ្ញុំ គឺក្នុងការគាំទ្រទឹកដីដែលត្រូវបានកាន់កាប់ រួមទាំងពលរដ្ឋយើងដែលរស់នៅទីនោះ។ លើកម្រាលព្រំក្រហមនៃកម្មវិធី Cannes Film Festival លើកទី ៧៦ ខ្ញុំបានចូលរួមក្នុងរ៉ូបដែលមានពណ៌ដូចនឹងទង់ជាតិរបស់យើង ហើយក៏បានចាក់ស្រោចថ្នាំលាបពណ៌ក្រហមលើខ្លួន។ ខ្ញុំបានប្រើប្រាស់ឱកាសរបស់ខ្ញុំ ហើយជាមួយទង្វើរបស់ខ្ញុំនេះ គឺចង់បង្ហាញពីអ្វីដែលកំពុងកើតមានឡើងនៅអ៊ុយក្រែន»។
នាងបានបន្តទៀតថា៖ «ជាសំណាងមិនល្អ ខ្ញុំមិនអាចបង្ហោះរាល់កម្មវិធីលើ stories ដូចទៅនឹង bloggers ដទៃបានទេ ព្រោះ Instagram បានបំផ្លាញគ្រប់យ៉ាងហើយ។ ផេករបស់ខ្ញុំ ក៏កំពុងប្រឈមនឹងការលុបចោលផងដែរ តែយ៉ាងណា ខ្ញុំរីករាយណាស់ដែលទង្វើរបស់ខ្ញុំបានសាយភាយទៅដល់សារព័ត៌មានលើពិភពលោក។ គ្រប់គ្នា គួរតែមិនបំភ្លេចពួកយើងឡើយ។ ប្រទេសអ៊ុយក្រែន នៅតែស្ថិតក្នុងបេះដូងខ្ញុំ។ ខ្ញុំបានធ្វើអ្វីដែលខ្ញុំត្រូវតែធ្វើ»៕