ខ្សែភាពយន្តដ៏រំជួលចិត្តអំពីការទាមទារអត្តសញ្ញាណគុនល្បុក្កតោឡើងវិញ និងចាក់បញ្ចាំងក្នុងរោងភាពយន្ត ចាប់ពីថ្ងៃទី25 ឧសភាតទៅ
កាលពីល្ងាចថ្ងៃទី22 ឧសភា ខ្សែភាពយន្ត ‘គុនល្បុក្កតោរស់ឡើងវិញ’បានរៀបចំកម្មវិធីសម្ពោធរឿងរបស់ខ្លួន នៅរោងភាពយន្ត លេជេនព្រីមៀម អូឡាំព្យា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដូចជា អ្នកដឹកនាំរឿងលោក Mark Bochsler ផលិតករលោកស្រី Sandra Leuba ព្រឹទ្ធាចារ្យ សាន គឹមស៊ាន កញ្ញា សំ ថារ័ត្ន និងតារាសម្តែងដទៃទៀត រួមនឹងអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម និងលោកជំទាវនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងអប់រំយុវជន និងកីទ្បា ក្រសួងការបរទេស ឯកអគ្គរាជទូត និងបុគ្គលិកបម្រើការនៃទូតអាមេរិក ទូតបារាំង ទូតជប៉ុន កាណាដា ក៏ដូចជាកីទ្បាករ កីទ្បាការនីដែលទើបទទួលបានជ័យជំនះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កាលពីថ្មីៗនេះ រួមនឹងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀត។
ភាពយន្ត ‘គុនល្បុក្កតោរស់ឡើងវិញ’ ជាភាពយន្តដែលនិយាយអំពីដំនើររឿងរ៉ាវនៃការរស់ឡើងវិញនៃ ក្បាច់គុនល្បុក្កតោ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក។ ហើយភាពយន្តនេះក៏ជារឿងដ៏ពោរពេញទៅដោយភាពរំជួលចិត្ត អំពីការទាមទារនូវអត្តសញ្ញាណវប្បធម៌ឡើងមកវិញ និងការផ្សព្វផ្សាយមរតកមួយនេះទៅក្មេងជំនាន់ក្រោយ។ ខ្សែភាពយន្តមួយនេះរៀបរាប់អំពីការតស៊ូរបស់លោកគ្រូ សាន គឹមស៊ាន ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដ៏ឃោរឃៅ ខណៈដែលគាត់នៅតែតស៊ូបង្ហាត់បង្រៀន និងផ្សព្វផ្សាយអំពីក្បាច់គុនល្បុក្កតោអោយរស់ទ្បើងវិញ។ ដូច្នេះហើយ ភាពយន្តនេះជាប្រៀបដូចជាការនិទានរឿងផ្ទាល់ខ្លួនដ៏គួរឱ្យទាក់ទាញដែលចោទជាសំនួរទៅកាន់សង្គមបច្ចុប្បន្ន៖ តើប្រជាជាតិអាចកសាងអត្តសញ្ញាណវប្បធម៌របស់ខ្លួនឡើងវិញដោយរបៀបណាបន្ទាប់ពីការប្រល័យពូជសាសន៍?
“ការរស់រានមានជីវិតរបស់ល្បុក្កតោ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ពិសេស និងសំខាន់មួយស្តីពីការរស់ឡើងវិញនៃប្រពៃណីដ៏សំខាន់មួយរបស់ប្រទេសរបស់យើងដែលកំពុងប្រឈមនឹងការផុតពូជ”- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ភាពយន្ត ‘គុនល្បុក្កតោរស់ឡើងវិញ’ ចូលរួម សម្តែងដោយ ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដែលជាស្ថាបនិកសហព័ន្ធក្បាច់គុនល្បុក្កតោកម្ពុជា និងសាលាគុនល្បុក្កតោកម្ពុជា។
សំ ថារ័ត្ន ដែលជាកីទ្បាការនីជើងឯកផ្នែកគុនខ្មែរ និងគុនល្បុក្កតោ និងជាសិល្បការនីសម្តែងមួយរូប។
អ៊ុង ដារិទ្ធ ដែលជាគ្រូបង្វឹក នៅសាលាគុនល្បុក្កតោកម្ពុជា នៃក្រសួងមហាផ្ទៃ។
ភាពយន្តនេះបានចំណាយពេលជាច្រើនឆ្នាំក្នុងការផលិត និងឈ្នះពានរង្វាន់ពីមហោស្រពភាពយន្ត និងកម្មវិធីថ្នាក់អន្តរជាតិជាច្រើននៅក្រៅប្រទេសដូចជា Cambodia International Film Festival, European Cinematography Award (Best Documentary), ASEAN Film Week in South Korea, NYC Indie Film Awards (Platinum Winner), IndieFest Film Awards (Asia Documentary) និង ច្រើនទៀត។
ភាពយន្ត ‘គុនល្បុក្កតោរស់ឡើងវិញ’ ដែលដឹកនាំដោយលោក Mark Bochsler នឹងមកដល់គ្រប់រោងភាពយន្តនៅប្រទេសកម្ពុជា ដូចជា Legend Cinemas, Major Cineplex, Prime Cineplex ចាប់ពីថ្ងៃទី 25 ឧសភា 2023 នេះតទៅ ជាភាសាខ្មែរ និងជាភាសាដើម ដែលមានលាយបញ្ចូលភាសាអង់គ្លេស ដោយមានអក្សរខ្មែររត់ខាងក្រោម។