មិនអស់ចិត្ត! អ្នកនាង ចាន់ សុផានី ថាអតីតប្ដីមុសានាងយកល្អតែខ្លួនឯង ហើយផ្តាំចង់ឃើញទាន់ហន់ឆាប់ៗ
រឿងរ៉ាវជីវិតអតីតប្ដីប្រពន្ធដែលបានចែកផ្លូវគ្នាអស់រយៈពេល ១០ ឆ្នាំ គឺលោក ហ្សូណូ និង អតីតពិធីការិនី ចាន់ សុផានី មកដល់ពេលនេះ នៅតែត្រូវមហាជនចាប់អារម្មណ៍យកមកបញ្ចេញមតិព្រោងព្រាត ក្រោយអ្នកនាង ចាន់ សុផានី ចេញមុខបកអាក្រាតថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ លោក ហ្សូណូ មិនដែលផ្ដល់លុយជួយចិញ្ចឹមកូនស្រីទេ ហើយពេលនេះ នាងទីទាល់ក្រ គ្មានលទ្ធផលចិញ្ចឹមកូនស្រីទៀតឡើយ ទើបឱ្យប្រកាសរកយុត្តិធម៌ពីផ្លូវច្បាប់ឱ្យជួយដោះស្រាយ។
ដ្បិតថាកន្លងមក អ្នកនាង ចាន់ សុផានី ព្យាយាមបង្ហោះរឿងអាស្រូវអតីតស្វាមីយ៉ាងណា ប៉ុន្ដែតារាចម្រៀង ហ្សូណូ មិនបកស្រាយអ្វីច្រើនឡើយ ទើបតែថ្មីៗនេះ ទំព័រហ្វេសប៊ុកផេកកម្មវិធី «អ្នកជិតខាង» បានបង្ហាញឈុតវីដេអូពិសេសមួយ ក្នុងកិច្ចសម្ភាសជាមួយតារាចម្រៀងល្បីឈ្មោះ ហ្សូណូ ក្នុងនោះលោកក៏បានរំឭកពីរឿងរ៉ាវអតីតកាលរបស់លោក ជាមួយអតីតប្រពន្ធថា កន្លងមកលោកព្យាយាមរក្សាភាពស្ងប់ស្ងាត់មិនតបត ព្រោះអាណិតដល់កូនមិនដឹងអ្វី។
លើសពីនេះ ហ្សូណូ ក៏ឆ្លៀតបង្ហើបហាក់ដូចជាចង់បង្ហាញថា រយៈពេល ១០ ឆ្នាំដែលលោក និង អតីតភរិយាបែកបាក់គ្នានេះ មិនមែនលោកមិនផ្ដល់អ្វីសោះដល់កូនស្រីទេ ព្រោះលោកបានប្រើពាក្យថា «ផ្ដល់ឱ្យប៉ុនណាក៏មិនគ្រប់ៗ»។ ទោះជាយ៉ាងណា ពេលនេះលោក និង ក្រុមគ្រួសារបានចាត់ការតាមនីតិវិធីច្បាប់ជាធរមានហើយ ដើម្បីឱ្យគ្រប់យ៉ាងរៀបរយកុំឱ្យមានមន្ទិលសង្ស័យតទៅទៀត។
ងាកទៅអ្នកនាង ចាន់ សុផានី វិញ ពេលឃើញលោក ហ្សូណូ លើកឡើងរឿង «ឱ្យប៉ុន្មានក៏មិនគ្រប់» អ្នកនាងបានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយបានសរសេរបង្ហោះនៅលើហ្វេសប៊ុកថាបញ្ជាក់ច្បាស់ថា នាងមិនដែលទទួលបានជំនួយពីលោក ហ្សូណូ ទេ ហើយបើសិនជាមានមែន សូមលោក ហ្សូណូ បង្ហាញភស្តុតាងនោះមក។
ដោយមិនអស់ចិត្ត អតីតពិធីការិនីរូបនេះ បានបន្តបង្ហោះសារនៅលើហ្វេសប៊ុកទៀតថា ៖ «សម្តីមុសាខ្ញុំ យកល្អខ្លួនឯងមកបោកមហាជនថា ឱ្យប៉ុន្មានក៏មិនគ្រប់ ថោកទាបបំផុតប្រៀបមិនបានហ្នឹងសត្វតិរច្ឆាន បើអភិនីហារមានពិត សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោកប្រទានពរឱ្យនាងខ្ញុំបានឃើញទាន់ហន់នូវការនិយាយមួលបង្កាច់មួយនេះ សាធុសាធុសាធុ សម្តីសជាតិមាយាទសពូជ ខ្ញុំរង់ចាំអ្នកឯងជួយដប់ឆ្នាំមកហើយ ឱ្យខ្ញុំនៅពេលណាសូមបង្ហាញការពិតមកថាអ្នកឯងឱ្យមិនចេះគ្រប់មកជាងដប់ឆ្នាំនេះ អ្នកឯងខ្លាំងចេញមកស្បថមុខឡាយជាសាធារណៈមកថា អ្នកឯងបានជួយដោយមិនចេះគ្រប់ភាសារបស់អ្នកឯងចោទមកខ្ញុំសម្រាប់តែអ្នកមិនដឹងតែប៉ុណ្ណោះ ហើយបង្ហាញភស្តុតាងជាងដប់ឆ្នាំហ្នឹងមកថាអ្នកឯងបានជួយ។ ខ្ញុំរងភាពអយុត្តិធម៌ពីអ្នកឯង និង គ្រួសារមកជិតម្ភៃឆ្នាំហើយ មិនយូរមិនឆាប់ទេអ្នកឯងនឹងទាន់ហន់វិនាសខ្ចាត់ខ្ចាយដូចដែលអ្នកឯងធ្វើមកលើខ្ញុំ»៕