ចម្រៀងគុណភាព! វណ្ណដា អរគុណអ្នកគាំទ្រចូលមើលបទ «ម្ដាយ» ៨០ លានដង ក្នុងថ្ងៃទិវាមាតាអន្តរជាតិ
គិតមកដល់ពេលនេះ បទចម្រៀង «ម្ដាយ» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា និង ក្មេងខ្មែរ បានបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម Youtube រយៈពេលជាង ៣ ឆ្នាំហើយ ដោយកាលនោះគេចាំបានថា គ្រាន់តែបទចម្រៀងមួយបទនេះ បង្ហោះជាសាធារណៈភ្លាម ឃើញថាមានសន្ទុះនៃការគាំទ្រពីបណ្ដាទស្សនិកជនក្មេងចាស់ប្រុសស្រីយកទៅបង្ហោះចែកចាយតៗគ្នាពេញបណ្ដាញសង្គម។
ដ្បិតថារំលងផុតទៅ ៣ ឆ្នាំ តែបទចម្រៀង «ម្ដាយ» នៅតែពីរោះមានអត្ថន័យ និង ត្រូវអ្នកគាំទ្រចាក់ស្ដាប់ជានិច្ច រហូតធ្វើឱ្យបទនេះ កើនចំនួនអ្នកទស្សនាដល់ទៅ ៨០ លានដងត្រឹមរយៈពេល ៣ ឆ្នាំ។
នៅក្នុងថ្ងៃទិវាមាតាអន្តរជាតិ កំពូលតារាចម្រៀងរ៉េបដ៏ពេញនិយម វណ្ណដា បានបង្ហោះរូបឱបអ្នកម្ដាយពោរពេញដោយក្ដីស្រឡាញ់ ភាពកក់ក្ដៅ ហើយអរគុណដល់អ្នកគាំទ្រជាខ្លាំង ខណៈបទ «ម្ដាយ» មានអ្នកទស្សនាដល់ទៅ ៨០ លានដងថា ៖ «អរគុណអ្នកទាំងអស់គ្នាសម្រាប់ ៨០ លានទស្សនា also Happy Mother’s Day, wishing everyone have a blessed day. See you soon ម៉ាក់»៕