ស្រណោះណាស់! នៅសុខៗហ្វេសប៊ុក សាន ស្រីឡៃ បង្ហោះរូបភាពនាង និង សារយ៉ាងរំជួលចិត្ត
រយៈពេល ៥ ឆ្នាំហើយ ដែលអតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី ១ សាន ស្រីឡៃ បានលាចាកលោកនេះ ដោយកាលអំឡុងឆ្នាំ ២០១៧ កន្លងទៅ ប្រិយមិត្តភាគច្រើនប្រាកដជានៅចងចាំរឿងរ៉ាវប្ដីបាញ់សម្លាញ់ប្រពន្ធដ៏រន្ធត់ រួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ព្រោះភ្លើងប្រច័ណ្ឌ ធ្វើឱ្យកក្រើកទីក្រុងភ្នំពេញ។
ដ្បិតថា សាន ស្រីឡៃ ទទួលមរណភាពច្រើនឆ្នាំហើយក្ដី ប៉ុន្ដែមកដល់ពេលនេះ មហាជនមួយចំនួនដែលស្រឡាញ់គាំទ្រសំឡេងរបស់នាង នៅតែចងចាំរូបសម្រស់ និង ទឹកដមសំឡេងរបស់នាង ព្រមទាំងសោកស្ដាយជំនួសក្រុមគ្រួសារ ស្រីឡៃ ដែលមានរឿងអកុសលនេះ កើតឡើងចំពោះកូនស្រី។
ដោយឡែករឿងដែលមហាជនភ្ញាក់ផ្អើល ខណៈនៅសុខៗនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ នេះ គណនីហ្វេសប៊ុករបស់ សាន ស្រីឡៃ ស្រាប់តែដំណើរការឡើងវិញ ដោយបានបង្ហោះនូវរូបថតចាស់របស់នាងមួយសន្លឹក ហើយថែមទាំងសរសេរ Caption ឱ្យអ្នកគាំទ្រនឹកដល់រូបនាងទៀតផងថា ៖ «ត្រឹមនឹកនាបន្តិចក៏បាន ប្រាប់ថានឹកនៅខាងក្រោមនេះមក»។
យ៉ាងណាមិញ ក្រោយ ស្រីឡៃ ចាកចេញពីពិភពលោកនេះទៅ កាលនោះគេចាំបានថា ក្រុមគ្រួសាររបស់នាង តែងបង្ហោះរូបថតនាង ដើម្បីរំឭកអ្នកគាំទ្រឱ្យចងចាំវត្តមានរបស់នាងជារឿយៗ ស្រាប់តែស្ងប់ស្ងាត់ជាច្រើនឆ្នាំ នៅសុខៗ គ្រួសាររបស់ ស្រីឡៃ បានយកគណនីហ្វេសប៊ុកនាងមកដំណើរការម្ដងទៀត ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង នឹករឭកដល់រូបនាងជាថ្មី៕