មុនប្រឡូកសិល្បៈ តាមពិតតារាចម្រៀងស្រីសំឡេងដ៏ផ្អែម អូលីកា មានអាជីពមួយនេះ
កញ្ញា ពៅ អូលីកា ឬ ប្រិយមិត្តភាគច្រើនស្គាល់ថា Olica Ztc សព្វថ្ងៃកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីសំណាក់មហាជនជាច្រើន បន្ទាប់ពីនាងបានចេញបទចម្រៀងចំណងជើង «មនុស្សពិសេស» ច្រៀងរួមគ្នាជាមួយនឹងតារាប្រុសសំឡេងថ្នមផ្អែមពីរោះ គឺលោក Glomyy Vincent ដែលទើបនឹងចេញកាលពីដើមខែមីនាកន្លងទៅនេះ។
យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍របស់កម្មវិធីល្បីឈ្មោះ «3Fun» តារាស្រីសំឡេងផ្អែមរូបនេះ បានទម្លាយពីប្រវត្តិត្រួសៗរបស់ខ្លួនឱ្យមហាជនបានដឹងថា នាងជាមនុស្សដែលមានដុងសិល្បៈ ហើយកន្លងមកមនុស្សនៅជុំវិញខ្លួនរបស់នាង តែងតែជំរុញឱ្យនាងចូលវិស័យសិល្បៈ ប៉ុន្ដែកន្លងមក នាងមិនហ៊ានចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងណាមួយឡើយ។ ហើយមានថ្ងៃមួយចៃដន្យ នាងត្រូវបានតារាចម្រៀងសំឡេងស្រទន់ ស៊ូ លីផេង បានអញ្ជើញឱ្យចូលរួមច្រៀងនៅក្នុងបទចម្រៀងរបស់លោក មានចំណងជើងថា «មិនច្បាស់ជាមួយអូន» ដោយច្រៀងត្រឹមតែប៉ារ៉ូលខ្លីប៉ុណ្ណោះ ប៉ុន្ដែបទចម្រៀងមួយបទនោះបានផ្ទុះខ្លាំង ទើបនាងសម្រេចចិត្តចេញបទចម្រៀងបន្ទាប់ មានចំណងជើងថា «សន្ដាន»។ ហើយអ្វីដែលរឹតតែធ្វើឱ្យ អូលីកា ក្ដោបបានប្រជាប្រិយភាពក្នុងស្រទាប់មហាជន គឺបទចម្រៀងដែលចេញចុងក្រោយរួមគ្នា ជាមួយនឹងលោក Glomyy Vincent មានចំណងជើង «មនុស្សពិសេស» ដែលមានប៉ារ៉ូលចាក់ដោត «I believe in destiny» ទៅដល់ទីណាក៏ឮ និង ល្បីល្បាញបំផុតក្នុងបណ្ដាញសង្គមនានា។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងនៅក្នុងកិច្ចសម្ភាសន៍ដដែលនោះ អូលីកា បានប្រាប់ទស្សនិកជនបន្ថែមឱ្យដឹងថា តាមពិតនាងមានអាជីពជាអ្នកកាច់ផ្កា មុនពេលដែលនាងប្រឡូកនៅក្នុងអាជីពសិល្បៈ៕