អីយ៉ាស់! Nadech លូកមាត់ទម្លាយបែបនេះ ក្រោយមហាជនសង្ស័យ James និង Pie ទាក់ទងគ្នា
មកទល់ពេលនេះមហាជនហាក់កំពុងតែចាប់អារម្មណ៍ខ្លាំងលើសដើមពីទំនាក់ទំនងរវាងតារាប្រុសកូនកាត់ចិន James និង Pie ក្រោយឃើញអ្នកទាំងពីរធ្លាយរូបភាពផ្អែមល្ហែម និង ស្និទ្ធស្នាលគ្នាជាញឹកញាប់។ ដោយឡែក អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺ រូបភាពដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េ ដែលមិនត្រឹមតែមានគូ James និង Pie នោះទេ តែគេឃើញក្នុងដំណើរកម្សាន្តនោះក៏មានគូស្នេហ៍ Nadech និង Yaya ផងដែរ។
ខណៈបែកធ្លាយរូបភាពដំណើរកម្សាន្តរបស់ James និង Pie ឃើញថា មានមហាជនមិនតិចនោះទេ ដែលសង្ស័យថា អ្នកទាំងពីរកំពុងតែលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។
យ៉ាងណាមិញ ទន្ទឹមនឹងមហាជនកំពុងតែចង់ដឹងពីទំនាក់ទំនងរបស់ James និង Pie តែសាមីខ្លួនទាំងពីរមិនព្រមចេញមុខបកស្រាយទាល់តែសោះ តែបែរជាឃើញតារាប្រុសរូបសង្ហា Nadech ដែលជាអ្នករួមដំណើរកម្សាន្តជាមួយនាពេលនោះ បែរជាមួយចេញមុខទម្លាយអារម្មណ៍ទាក់ទងនឹងតារាប្រុសស្រីមួយគូនេះទៅវិញ។
ក្នុងនោះ Nadech បានទម្លាយថា ដំណើរកម្សាន្តនៅកូរ៉េលើកនេះសប្បាយ ហើយក៏មាន Pie ម្នាក់ដែរ ដែលជាអ្នកបកប្រែ ហើយបើនិយាយពីទំនាក់ទំនងរបស់អ្នកទាំងពីរនេះវិញរង់ចាំឱ្យសាមីខ្លួនចេញមុខបកស្រាយចុះ ព្រោះលោកក៏មិនបានដឹងច្បាស់ គ្រាន់តែដឹងត្រឹមថា James និង Pie ស្គាល់គ្នា និង ធ្លាប់រួមការងារជាមួយគ្នា។
មួយវិញទៀត Nadech ក៏បានបន្តទៀតថា បើសួរថាលោកគាំទ្រគូនេះទេ? លោកពិតជាគាំទ្រ តែមិនដល់ថ្នាក់គាំទ្រលើសពេកឡើយ ទុកឱ្យសាមីខ្លួនទាំងពីរជាអ្នកបញ្ចេញទៅចុះ៕