សង្វេគណាស់! មិនទាន់រកឃើញអស់ផង បំណែកស-ព Abby Choi ត្រូវប្រគល់ឱ្យគ្រួសារធ្វើបុណ្យហើយ ក្រោយស៊ើបជិត ៣ ខែ
បើតាមការចុះផ្សាយរបស់ HK01 បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ក្រុមគ្រួសារតារាបង្ហាញម៉ូដហុងកុង Abby Choi បាន និង កំពុងគិតអំពីការរៀបចំពិធីបុណ្យសពរបស់នាង បន្ទាប់ពីត្រូវបានក្រុមគ្រួសារអតីតស្វាមីរបស់នាងបានសម្លាប់យ៉ាងឃោឃៅកាលពីចុងខែកុម្ភៈ។
ក្នុងនោះដែរ សាច់ញាតិរបស់ Abby Choi នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និង ពិធីបុណ្យសពរបស់នាង នៅថ្ងៃទី ១៨ ខែមិថុនា នៅជាន់ផ្ទាល់ដីផ្ទះកើតហេតុក្នុងក្រុង Tai Wai ទីក្រុងហុងកុង។ ក្រោយរំលងមួយថ្ងៃ សពរបស់ Abby Choi នឹងយកទៅបូជានៅវត្ត Po Lin នៅកោះ Lantau។
ថ្វីដ្បិតថាបច្ចុប្បន្ននេះ ផ្នែកសាកសពទាំងអស់មិនទាន់ត្រូវបានរកឃើញក៏ដោយ ក៏អង្គភាពស៊ើបអង្កេតបានបញ្ចប់នីតិវិធី ដើម្បីប្រគល់បំណែកសាកសពរបស់តារាស្រីរូបនេះ ជូនដល់ក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៣ តុលាការសាលាដំបូងក្រុង Kowloon ទីក្រុងហុងកុង ក៏បានបើកសវនាការដើម្បីជំនុំជម្រះលើសំណុំរឿងនេះផងដែរ ក្នុងនោះមានជនជាប់ចោទចំនួន ៦ នាក់ ចែកជា ៣ សំណុំរឿង។
បើតាមការឱ្យដឹងបន្ថែម សមាជិក ៣ នាក់ ក្នុងក្រុមគ្រួសារអតីតស្វាមីរបស់ Abby Choi គឺ អតីតស្វាមីនាង អតីតឪពុក និង បងថ្លៃ ត្រូវបានជាប់ចោទពីបទមនុស្សឃាត។ ជាមួយគ្នានោះ អតីតម្ដាយក្មេករបស់នាង ក៏ត្រូវបានជាប់ចោទពីបទរារាំងការស៊ើបអង្កេត និង ប៉ុនប៉ងបំផ្លាញភស្តុតាង។ ចំណែកឯជនសង្ស័យចំនួន ២ នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទចូលដៃជួយឧក្រិដ្ឋជនក្នុងករណីឃាតកម្ម៕