(វីដេអូ) តាមពិតនៅពីក្រោយស្នាមញញឹមចូលចិត្តរាំរែកដាក់ Tiktok ជីវិតពិតរបស់ សូលីកា ជួបរឿងរ៉ាវកម្សត់ណាស់
ប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ អ្នកលក់អនឡាញ សូលីកា ហើយនាងក៏ជាបុគ្គលល្បីមួយរូបក្នុង Tiktok ផងដែរ កន្លងមកមានមហាជនអ្នកលេងបណ្ដាញសង្គមមួយចំនួន តែងបាននាំគ្នាបញ្ចេញយោបល់រិះគន់នាង ពេលបង្ហោះវីដេអូរាំ ការស្លៀកពាក់ ក៏ដូចជាការតុបតែងខ្លួនមិនសូវសមភ្នែកផ្សេងៗ។
ក្រោយទទួលរងការរិះគន់ដោយពាក្យសម្ដីតិះដៀលជាច្រើនពីអ្នកលេងបណ្ដាញសង្គមមួយចំនួន ក៏បានឃើញវីដេអូ TikTok មួយ ដែលអ្នកជិតស្និទ្ធនឹងតារា TikTok រូបនេះ និង ស្វាមីខ្លួនផ្ទាល់ បានចេញនិយាយទម្លាយពីប្រវត្តិនៃជីវិតពិតដល់កម្សត់របស់នាង។
តាមការរៀបរាប់ក្នុងវីដេអូនេះ បានឱ្យដឹងថា នាងជាកូនកំព្រារស់នៅម្នាក់ឯង និង ធ្លាប់ទៅធ្វើជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលខណៈពេលធ្វើការជាអ្នកបម្រើនោះ នាងទទួលរងការធ្វើបាបពីម្ចាស់ផ្ទះលើរាងកាយដែលបណ្ដាលឱ្យនាងប៉ះពាល់ដល់ខួរក្បាល ហើយនាងក៏បានត្រឡប់មកព្យាបាលនៅខ្មែរវិញអស់រយៈពេល ៧ ឆ្នាំមកហើយ ទម្រាំតែខួរក្បាលនាងវិលត្រឡប់ប្រសើរឡើងវិញ ប៉ុន្តែមិនទាន់ប្រក្រតី ១០០ ភាគរយនោះទេ។
ខណៈព្យាបាលជំងឺជាច្រើនឆ្នាំដែលខួរក្បាលមានសភាពប្រសើរឡើងវិញនេះដែរ តារា TikTok សូលីកា ក៏បានប្រាប់ពីជីវិតពិតបច្ចុប្បន្នរបស់នាងឱ្យដឹងថា នាងតស៊ូប្រកបរបបដើម្បីចិញ្ចឹមជីវិតដោយញើសឈាមខ្លួនឯង ទទួលការងារបោកខោអាវឱ្យគេ លក់អេតចាយ ទទួលលក់ផលិតផលផ្សេងៗឱ្យគេជាដើម ដែលនាងថាឱ្យតែការងារសុច្ចរិតនាងធ្វើទាំងអស់ដើម្បីជីវភាព៕