Bitoey ចូលពន្ធនាគារបាន ២ ថ្ងៃ ម្តាយចង់គាំងមួយសាៗ ព្រោះពេលទៅសុខទុក្ខកូនត្រូវគេមិនអនុញ្ញាតិឱ្យជួប
មកទល់ពេលនេះបាន ២ ថ្ងៃទៅហើយ ដែលតារាស្រី Bitoey និង ស្វាមី ត្រូវបានតុលាការបញ្ជូនទៅពន្ធនាគាររង់ចាំការកាត់ទោស ក្រោយតុលាការបានចោទប្រកាន់ទៅលើស្វាមីភរិយាមួយគូនេះលើ ៣ ករណីថា រួមដៃអូសទាញប្រជាជនឱ្យលង់ជឿ, ឆបោកលុយប្រជាជន, ប្រព្រឹត្តរឿងឆបោកតាមប្រព័ន្ធកុំព្យូទ័រដែលជាអំពើខុសច្បាប់នោះ។
យ៉ាងណាមិញ ជុំវិញការបញ្ជូនខ្លួននេះដែរ ឃើញថាថ្ងៃដំបូងមានគេរាយការណ៍ថា តារាស្រី Bitoey ស្រ្តេសខ្លាំងមិនព្រមរកបាយទឹកឡើយ ចំណែកស្វាមីរបស់នាងមិនមានអាការខុសធម្មតាណាគួរឱ្យបារម្ភនោះឡើយ។
ដោយឡែក បើងាកមកមើលក្រុមគ្រួសាររបស់តារាស្រី Bitoey និង ស្វាមីវិញ កំពុងតែច្របូកច្របល់ក្នុងចិត្ត ដោយសារតែបារម្ភកូនៗដែលនៅក្នុងពន្ធនាគារ។ ជាក់ស្តែង នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ ម្តាយរបស់ Bitoey ថែមទាំងបានបង្ហោះទាំងសោកសៅថា ៖ «ធ្វើដំណើរមកជួបកូន តែគេបែរជាមិនឱ្យចូលទៅជួបទៅវិញ ដោយសារតែពេលនេះគេត្រូវឃុំខ្លួនឱ្យធ្វើចត្តាឡីស័កសិន រហូតដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ទើបអនុញ្ញាតឱ្យចូលសួរសុខទុក្ខបាន»៕