(វីដេអូ) ផ្អើលពេញ TikTok ស៊ីន យូប៊ីន ក្លាយជាភ្ញៀវកិត្តិយសចូលរួមកម្មវិធីមួយប៉ះតារា k-pop ដ៏ល្បី Jung kook និង jennie
ពិតណាស់ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកគាំទ្ររបស់តារាស្រីល្បីឈ្មោះ ស៊ីន យូប៊ីន បានសរសើរ និង រំភើបចិត្តម្ដងរួចហើយ ខណៈនាងបានធូរស្រាលពីជំងឺដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃមួយរយៈនោះ នាងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងទាំងឈឺ ក្នុងសភាពជិះរទះរុញ ដើម្បីបំពេញការងារថតផ្សព្វផ្សាយឱ្យប្រ៊េនដ៏ល្បីម៉ាក Calvin Klein។
លើសពីនេះ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង គឺក្រោយបានឃើញវត្តមានរបស់ ស៊ីន យូប៊ីន ទៅញ៉ាំអាហារពេលល្ងាចរៀបចំដោយម៉ាកល្បី Calvin Klein នេះ ជាមួយនឹងតារាល្បីៗរបស់ថៃមានកញ្ញា Mai Davika និង តារាម៉ូឌែលវៀតណាមដ៏ល្បី Toc Tien ទៀតផង។
ដោយឡែក មកដល់យប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ កញ្ញា ស៊ីន យូប៊ីន កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរហាក់រំភើបចិត្តជំនួសរូបនាងទៀត បន្ទាប់ពីបានឃើញនាងមានវត្តមានជាភ្ញៀវកិត្តិយសក្នុងកម្មវិធី JENNIE x Calvin Klein រួមជាមួយនឹងតារាប្រុសស្រីល្បីៗច្រើន មានតារាថៃ Mai Davika និង តារាម៉ូឌែលវៀតណាម Toc Tien ជាពិសេសតារា K-pop ដ៏ល្បី Jung kook និង jennie ព្រមទាំងតារាម៉ូឌែលកូរ៉េល្បីៗជាច្រើនរូបទៀត។
សកម្មភាពក្នុងកម្មវិធី JENNIE x Calvin Klein ដែល កញ្ញា ស៊ីន យូប៊ីន មានវត្តមានជាភ្ញៀវកិត្តិយសរួមជាមួយតារាល្បីៗទាំងនេះដែរ ត្រូវបានក្រុមអ្នកគាំទ្ររបស់នាង បង្ហោះចែករំលែកពេញបណ្ដាញសង្គម TikTok ភ្ជាប់ជាមួយក្ដីរំភើបជំនួស និង មោទកភាពចំពោះតារាសម្ដែងរូបនេះដែរ៕